ខេត្តកណ្តាល៖ បុរសម្នាក់ដែលជា បង្គោលគ្រួសារបានអំពាវនាវសុំការជួយ សង្គ្រោះពីសប្បុរសជននានាក្រោយពីចរន្ត អគ្គិសនីឆក់ពេលធ្វើការងារ ហើយត្រូវបាន ក្រុមគ្រូពេទ្យកាត់ដៃទាំងសងខាងដើម្បី សង្គ្រោះជីវិត ។ ប៉ុន្តែអ្វីដែលជាចំណោទធំ ចំពោះមុខនាពេលនេះបុរសរងគ្រោះដែល ជាបង្គោលគ្រួសារគ្មានលទ្ធភាពព្យាបាល ជំងឺបន្ត និងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុង គ្រួសារ ។
បុរសអភ័ព្វដែលអំពាវនាវសុំការជួយ សង្គ្រោះនេះឈ្មោះ ស្រែង នើង អាយុ២៣ ឆ្នាំ មុខរបរជាងផ្សារដែក មានស្រុកកំណើត ភូមិផ្លូវត្រែង ឃុំថ្មគោល ស្រុកល្វាឯក ខេត្ត កណ្តាល បានបាត់បង់ដៃទាំង២របស់ខ្លួន ត្រឹមកំភួនដៃដោយសាររចន្តអគ្គិសនីឆក់ ពេលកំពុងផ្សារដែក ។
ជនរងគ្រោះស្រែង នើង បានប្រាប់ឲ្យ ដឹងថា កាលពីពេលថ្មីៗកន្លងទៅពេលខ្លួន កំពុងលើកដែកដើម្បីផ្សារតសំយ៉ាបចៃដន្យក៏ប៉ះនឹងខ្សែកាបដែលកំពុងមានកម្លាំងចរន្តអគ្គិសនីខ្លាំងហើយក៏សន្លប់ធ្លាក់មកដល់ដីតែម្ដង ។ នៅពេលដែលដឹងខ្លួនវិញគឺនៅ ក្នុងមន្ទីរពេទ្យព្រះកុសុមៈបាត់ទៅហើយ ដោយត្រឹមទ្រូងចុះមកក្រោមគឺស្ពឹកកម្រើកមិនបានហើយដៃទាំង២ឆេះខ្លោចយ៉ាង ខ្លាំង ។
ជនរងគ្រោះបានដកស្រង់សម្តីគ្រូពេទ្យថា ដើម្បីសង្រ្គោះជីវិតគឺតម្រូវឲ្យកាត់ដៃស្ដាំ។ ២-៣ថ្ងៃក្រោយមកគ្រូពេទ្យក៏បានប្រាប់ ខ្លួនទៀតថា ត្រូវតែកាត់ដៃឆ្វេងទៀតកុំឲ្យមេរោគឆ្លងរាលដាលទើបអាចសង្រ្គោះ ជីវិតបាន ។
ប្រពន្ធជនរងគ្រោះឈ្មោះ សេង នី អាយុ ២១ឆ្នាំបានប្រាប់ថា រូបនាងមានអារម្មណ៍ រន្ធត់យ៉ាងខ្លាំងស្ទើរតែមិនអាចទទួលយក បានចំពោះការបាត់បង់ដៃទាំង២របស់ស្វាមី។ រូបនាងបន្តថា បញ្ហាចោទនៅចំពោះមុខគឺការបាត់បង់ជំហរគ្រួសារនិងខ្វះថវិកា សម្រាប់ព្យាបាលជំងឺ។ ជាពិសេសត្រូវ ចិញ្ចឹមកូនស្រីភ្លោះទាំង២ដែលមានអាយុទើប១ខួប២ខែប៉ុណ្ណោះ ។
គ្រូពេទ្យបានប្រាប់ឲ្យដឹងថា អ្នកជំងឺ ពេលនេះត្រូវបន្តព្យាបាលឆ្អឹងខ្នង ព្រោះ ពេលធ្លាក់មកដីគឺប៉ះពាល់ខ្លាំង។
សូមបញ្ជាក់ថា មកដល់ពេលនេះជន រងគ្រោះកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈអស់រយៈពេលជាង១ខែមកហើយ ។ ជាមួយគ្នានេះគ្រួសារជន រងគ្រោះកំពុងត្រូវការថវិកាជាចាំបាច់ដើម្បីទ្រទ្រង់ថ្លៃចំណាយប្រចាំថ្ងៃ ៕
ដោយ៖ សហការី