ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍នៅ ថ្ងៃទី ១៦ ខែមករាថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានវិធានការផ្លូវច្បាប់ដើម្បីកំណត់ថាកូរ៉េខាងត្បូងមិនមែនជាដៃគូសម្រាប់ការផ្សះផ្សានិងការបង្រួបបង្រួមជាតិនោះទេ។
យោងតាម KCNA បាននិយាយនៅក្នុងសម័យប្រជុំលើកទី 14 នៃសភាប្រជាជនកំពូល (SPA) ដែលធ្វើឡើងនៅថ្ងៃទី 15 ខែមករា (ម៉ោងក្នុងស្រុក) លោក Kim Jong-un បានអត្ថាធិប្បាយថា ការស្វែងរកសំឡេងឯកភាពជាមួយកូរ៉េខាងត្បូងនៅតែមិនអាចទៅរួច ហើយនៅក្នុងពេលជាមួយគ្នានោះបានចោទប្រកាន់ទីក្រុងសេអ៊ូលថាកំពុងស្វែងរកការដួលរលំរបបក្រុងព្យុងយ៉ាង។
KCNA បានដកស្រង់សម្តីលោក គីម ជុងអ៊ុន ថា “យើងមិនចង់បានសង្រ្គាមទេ ប៉ុន្តែយើងគ្មានចេតនាចង់ជៀសវាងវាទេ” ។ លោកបានព្រមានថា “នៅក្នុងព្រឹត្តិការណ៍នៃសង្រ្គាមនៅលើឧបទ្វីបកូរ៉េ វាជារឿងសំខាន់ក្នុងការពិចារណាលើបញ្ហានៃការកាន់កាប់ពេញលេញ ការគាបសង្កត់ ការទាមទារមកវិញនូវកូរ៉េខាងត្បូង ” ។
មេដឹកនាំកូរ៉េខាងជើងក៏បាននិយាយផងដែរថា កូរ៉េខាងត្បូងគួរតែត្រូវបានចាត់ទុកថាជា “ប្រទេសអារិភាពលេខ 1 និងជាសត្រូវដែលមិនអាចត្រឡប់វិញបានដ៏សំខាន់” នៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេស។
គួរកត់សម្គាល់ថា ប្រទេសកូរ៉េខាងជើងបានសម្រេចចិត្តលុបចោលនូវទីភ្នាក់ងារមួយចំនួនដែលទទួលបន្ទុកកិច្ចការអន្តរកូរ៉េនៅក្នុងសម័យប្រជុំលើកទី 10 នៃសភាប្រជាជនកំពូលលើកទី 14 (SPA) រួមមាន គណៈកម្មាធិការសម្រាប់ការបង្រួបបង្រួមដោយសន្តិភាព ការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចជាតិ និងការិយាល័យទេសចរណ៍អន្តរជាតិ Kumgangsan ។
KCNA ក៏បាននិយាយផងដែរថា ប្រទេសកូរ៉េខាងជើងនឹងរំសាយទីភ្នាក់ងារដែលមានសម្រាប់តែគោលបំណងលើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ ដោយសង្កត់ធ្ងន់ថាគណៈរដ្ឋមន្ត្រីកូរ៉េខាងជើងនិងអង្គការពាក់ព័ន្ធនឹងដាក់ពង្រាយវិធានការ “ជាក់ស្តែង” ដើម្បីអនុវត្តការសម្រេចចិត្តរបស់ SPA ៕ ដោយធីរីណា
រូបថត: KCNA