សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះថា ឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានប្រកាសពីការវាយប្រហារទៅលើទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់អ៉ីស្រាអែលដែលមានទីតាំងនៅក្នុងតំបន់ពាក់កណ្តាលស្វយ័ត Kurdistan នៃប្រទេសអ៉ី
រ៉ាក់ ខណៈដែលកងកម្លាំងជំនាញពិសេសក៏បានអះអាងពីការវាយប្រហារនៅស៉ីរី ប្រឆាំងនឹងក្រុម ISIS ផងដែរ។
ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់អ៉ីស្រាអែលនាពេលថ្មីៗនេះ ដែលបណ្តាលឱ្យមានការសម្លាប់ក្រុមមេបញ្ជាការឆ្មាំបដិវត្តន៍ ក៏ដូចជាសមាជិកដទៃទៀត… ទីស្នាក់ការកណ្តាលចារកម្ម Mossad ដ៏សំខាន់មួយនៅក្នុងតំបន់ Kurdistan របស់អ៉ីរ៉ាក់ ត្រូវបានបំផ្លាញដោយមីស៉ីលផ្លោង។ យើងសូមធានាដល់ប្រជាជាតិថា ប្រតិបត្តិការវាយលុករបស់ឆ្មាំបដិវត្តន៍នឹងបន្តរហូតដល់ការសងសឹកឈានដល់ដំណាក់កាលចុងក្រោយ»។ ក្រៅពីនេះ អ៉ីរ៉ង់ក៏បានប្តេជ្ញាសងសឹកចំពោះការសម្លាប់សមាជិកឆ្មាំបដិវត្តន៍៣នាក់នៅឯស៉ីរីកាលពីខែធ្នូ រួមទាំងមេបញ្ជាការឆ្មាំជាន់ខ្ពស់ម្នាក់ ដែលបានបម្រើការជាទីប្រឹក្សាយោធានៅទីនោះផងដែរ។
ការវាយប្រហារនេះកើតឡើងចំពេលមានការព្រួយបារម្ភអំពីការកើនឡើងនៃជម្លោះ ដែលអាចរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមរវាងអ៉ីស្រាអែលនឹងហាម៉ាស់ផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា ដោយសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់បានហក់ចូលទៅក្នុងជម្លោះនេះចេញពីប្រទេសលីបង់ ស៉ីរី អ៉ីរ៉ាក់ និងយេម៉ែន៕ ដោយធីរីណា
រូបថត:IIE