បោះឆ្នោតបឋមបើកឆាកនៅរដ្ឋ Iowa ដើម្បីរើសបេក្ខជនប្រធានាធិបតី លោក ដូណាល់ ត្រាំ ទទួលជ័យជម្នះ

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតបឋម នៅរដ្ឋ Iowa ដែលជាការចាប់ផ្តើមដំណើរការបោះឆ្នោតនៅតាមរដ្ឋក៏ដូចជាដែនដីនីមួយៗរបស់សហរដ្ឋអាមេរិក ដើម្បីជ្រើសរើសបេក្ខជនតំណាងឱ្យគណបក្សសាធារណរដ្ឋ មុនឈានទៅប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតី នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំនេះ។

ក្នុងការបោះឆ្នោតបឋមនៅរដ្ឋ Iowa លោកត្រាំ ទទួលបានសំឡេងរហូតដល់ទៅ៥១ភាគរយ ខណៈបេក្ខជនលំដាប់ទី២ គឺអភិបាលរដ្ឋ Florida លោក Ron DeSantis ទទួលបានត្រឹម២១.២ភាគរយ ហើយអតីតអភិបាលរដ្ឋ South Carolina លោកស្រី Nikki Haley ដែលឈរនៅលេខ៣ ទទួលបាន១៩.‌១ភាគរយ។
បើតាមក្រុមអ្នកវិភាគ បើទោះបីរដ្ឋ Iowa មានអង្គបោះឆ្នោតតែ៤០រូប ក្នុងចំណោមអង្គបោះឆ្នោតសរុប២,៤២៩រូប របស់បក្សសាធារណរដ្ឋក៏ដោយ ក៏ជោគជ័យខាងលើនេះ គឺជាជ័យជម្នះយ៉ាងវិជ្ជមានមួយសម្រាប់លោកត្រាំ ជាពិសេសជាមួយសំឡេងគាំទ្រលើសពី៥០ភាគរយ ដ្បិតរូបលោកបានរបូតតំណែងប្រធានាធិបតី ក្រោយបរាជ័យក្រោមដៃ ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន គឺលោក ចូ បៃដិន ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០ ហើយកំពុងតែជាប់រឿងក្តីក្តាំព្រហ្មទណ្ឌថែមទៀតនោះ។ លទ្ធផលនេះស្តែងឱ្យឃើញ នូវឥទ្ធិពលនិងប្រជាប្រិយភាពដ៏ធំសម្បើមរបស់លោកនៅក្នុងបក្សសាធារណរដ្ឋ។
បន្ទាប់ពីរដ្ឋ Iowa គណបក្សសាធារណរដ្ឋ នឹងរៀបចំការបោះឆ្នោតបឋមរៀងៗខ្លួន នៅតាមរដ្ឋនិងដែនដីអាមេរិកដទៃទៀត ជាបន្តបន្ទាប់។ ចំណែកបក្សប្រជាធិបតេយ្យ ដែលជាបក្សរបស់លោក បៃដិន នឹងចាប់ផ្តើមដំណើរការបោះឆ្នោតបឋមនៅខែកុម្ភៈ។ បក្សសាធារណរដ្ឋនិងបក្សប្រជាធិបតេយ្យ នឹងប្រកាសបេក្ខជនតំណាងចុងក្រោយ នៅក្នុងព្រឹត្តិការណ៍សន្និបាតជាតិរៀងៗខ្លួន ក្នុងខែកក្កដា និងខែសីហា។ ទោះបីជាបែបនេះក្តី បេក្ខជនដែលនឹងក្លាយជាបេក្ខជនតំណាងរបស់បក្សនីមួយៗ ទំនងជានឹងអាចត្រូវដឹងច្បាស់ ក្រោយព្រឹត្តិការណ៍បោះឆ្នោតបឋម ហៅថា Super Tuesday នាថ្ងៃទី៥ ខែមីនា។
នៅថ្ងៃ Super Tuesday ការបោះឆ្នោតបឋមនឹងប្រព្រឹត្តទៅ នៅរដ្ឋនិងដែនដីអាមេរិកសរុបចំនួន១៦ ក្នុងនោះរួមមានទាំងរដ្ឋសំខាន់បំផុត គឺ California ដែលមានអង្គបោះឆ្នោត១៦៩រូប និងរដ្ឋ Texas ដែលមាន១៦១រូប។ នៅក្នុងថ្ងៃតែមួយគត់នោះ អង្គបោះឆ្នោតសរុបចំនួន៨៧៤រូប ដែលស្មើនឹងជាង១ភាគ៣ នៃអង្គបោះឆ្នោតសរុបរបស់បក្សសាធារណរដ្ឋ នឹងត្រូវស្ថិតក្រោមការប្រជែងដណ្តើមយក។ បេក្ខជនដែលឈ្នះបានអង្គបោះឆ្នោតសរុបច្រើនជាងគេបង្អស់ ក្រោយការបោះឆ្នោតបឋម នៅតាមរដ្ឋនិងដែនដីនីមួយៗ នឹងត្រូវប្រកាសជាបេក្ខជនតំណាងឱ្យបក្ស ដើម្បីឆ្ពោះទៅប្រកួតតំណែងប្រធានាធិបតី ក្នុងការបោះឆ្នោតជាតិ នាខែវិច្ឆិកា៕

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print