រយៈពេល២ថ្ងៃមេព្រៃសង្កាត់ជ្រោយបន្ទាយរុករកឃើញឈើអារលេខ១ ជាច្រើនកំណាត់ដែលឈ្មួញលាក់ទុកក្នុងព្រៃក្នុងស្រុកព្រែកប្រសព្វ

ចែករំលែក៖

ខេត្តក្រចេះ៖ ឈើអារលេខ១ ជាច្រើនកំណាត់តូចធំ ដែលក្រុមឈ្មួញទុច្ចរិតបានលាក់ទុកនៅក្នុងព្រៃ ក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ គឺត្រូវមេព្រៃសង្កាត់រដ្ឋបាលព្រៃឈើជ្រោយបន្ទាយ ដឹកនាំដោយលោក ​ប៉ុក វណ្ណា ចុះបង្រ្កាប់និងចាប់រឹបអូសទាំងស្រុង ហើយដឹកយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើ ដើម្បីធ្វើការវាស់វែង។

មិនទាន់មានសេចក្តីរាយការណ៏ណា បញ្ជាក់ឲ្យច្បាស់ថា ឈើល្មើសច្បាប់ដែលសមត្ថកិច្ចបានចាប់រឹបអូសទាំងនេះជារបស់មេឈ្មួញម្នាក់ណានោះទេ ដោយគ្រាន់តែឈើទាំងនេះ គឺឈ្មួញបានទុកជាគំនរ លាក់ក្នុងព្រៃជ្រៅ សម្រាប់រកឱកាសដឹកចេញ ក្នុងនោះសមត្ថកិច្ចពុំបានចាប់ ឃាត់ខ្លួនជនណាម្នាក់ជាប់ចោទក្នុងមុខចំនួញឈើខុសច្បាប់ទាំងនេះដែរ។

នាយសង្កាត់រដ្ឋបាលព្រៃឈើជ្រោយបន្ទាយ លោក ប៉ុក វណ្ណា បានឱ្យដឹងថា ព្រត្តិប័ត្រការរបស់សមត្ថកិច្ចជំនាញ គឺបានធ្វើឡើងមានរយៈពេល២ថ្ងៃជាប់គ្នា ក្នុងនោះនៅថ្ងៃទី២៩ខែកក្កដានេះ សមត្ថកិច្ចបានរុករកឃើញឈើអារលេខ១ សុក្រំ មានមុខកាត់ធំៗ ចំនួន២៩ដុំ ស្មើរនិងជាង១១ម៉ែត្រគួប ។

លោកនាយសង្កាត់បានបញ្ជាក់ថា ដោយឡែកនៅថ្ងៃទី៣០ខែកក្កដានេះវិញ សមត្ថកិច្ចបានបន្តរុករកឈើអារល្មើសច្បាប់ទាំងនេះបន្តទៀត ក្នុងនោះសមត្ថកិច្ចក៏បានប្រទះឃើញឈើអារលេខ១សុក្រំ ចំនូន៣៩ដុំទៀត ស្មើរនិងជាង១៦ម៉ែត្រគូប ដែលក្រុមឈ្មួញទុច្ចរិត បានដឹកយកមកលាក់ទុកក្នុងព្រៃ ក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ហើយគឺត្រូវមេព្រៃនាំមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជ្រោយបន្ទាយ ដើម្បីមានវិធានការបន្ត ។

តាមប្រភពព័តមានបានបង្ហើបប្រាប់ថា ឈើដែលសមត្ថកិច្ចបានធ្វើការចាប់បង្ក្រាបទាំងនេះ គឺត្រូវបានក្រុមឈ្មួញទុច្ចរិត ដែលមានសមភាពសុទ្ឋសឹងជាឧកញ៉ា បានកាប់អារជ្រៀកចេញពីព្រៃឡង់ ក្នុងភូមិសាស្រ្តជាប់ព្រំប្រទល់ខេត្តកំពង់ធំ,ព្រះវិហារ ,ស្ទឹងត្រែង ,និងខេត្តក្រចេះ ហើយដឹកជញ្ជូនតាមគោយន្តកែច្នៃ យកមកលាក់ស្តុកនៅតាមព្រៃ នៅចំនុចខាងលើនេះ។

ប្រភពបានបញ្ជាក់ថា ឈើទាំងនេះគឺក្រុមឈ្មួញបានលាក់ស្តុបទុក ដើម្បីរកឱកាសលើកស្ទូចដាក់រថយន្តយីឌុបធំៗ ហើយដឹកជញ្ជូនចេញតាមផ្លូវលំមួយចំនួនក្នុងស្រុកព្រែកប្រសព្វ ហើយឆ្លងទូកដរ របស់លោក ម៉ាត់ ហ៊ីម (កំពង់គរ,ឆ្លូង) ឆ្លងមកត្រោយម្ខាងនៃស្រុកឆ្លូងខេត្តក្រចេះ បន្តចូលទៅស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ ដើម្បីយកទៅលក់នៅប្រទេសវៀតណាម។

ពលរដ្ឋបាននិយាយថា ការដឹកជញ្ជូនឈើខុសច្បាប់តាមរថយន្តយីឌុបធំៗ គឺកំពុងកើតមានពេញបន្ទុកនៅក្នុងទឹកដីស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយការដឹកជញ្ជូនបានធ្វើ ឡើងទាំងយប់ទាំងថ្ងៃ ពីសំណាក់ក្រុមឈ្មួញ មួយចំនួន ដែលមានសមភាពជាឧកញ៉ា ដោយមិនមានការចាប់បង្ក្រាប ៕កោះទ្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print