នៅក្នុងអាណាត្តិដឹកនាំរបស់លោកស្រី Theresa May មានការងារជាច្រើនត្រូវធ្វើក្នុងនោះមានកិច្ចពិភាក្សាជាមួយបណ្តាមេដឹកនាំនៅអឺរ៉ុប ក្នុងនោះមានទាំងការស្នើឲ្យដំណើរការនៅមាត្រាទី៥ នៃរដ្ឋធម្មនុញ្ញអឺរ៉ុប។
លោកស្រី May បានធ្វើដំណើរទៅកាន់ទីក្រុងឡុង ក្រោយពេលទទួលបានព័ត៌មានថា លោកស្រីនឹងក្លាយជានាយករដ្ឋមន្ត្រីរបស់អង់គ្លេស។ លោកស្រីបានបញ្ចប់ការថ្លែងសន្តរកថាដំបូងរបស់ខ្លួនដើម្បីឈានទៅរកការប្រជែងដំណែងនាយករដ្ឋមន្ត្រី។ លោកស្រីមានអាយុ៥៩ឆ្នាំ ទទួលបានការជ្រើសរើសពីគណបក្សកាន់អំណាចនៅថ្ងៃទី១២ ខែកក្កដា ។
តំណែងនាយករដ្ឋមន្ត្រីអង់គ្លេសគឺជាការប្រឈមមុខនឹងបញ្ហាជាច្រើនដោយសារតែអង់គ្លេសទើបតែបោះឆ្នោតចាកចេញពីអឺរ៉ុប គឺជាប្រវត្តិសាស្ត្រមួយធ្វើឲ្យពិភពលោកផ្ញាក់ផ្អើល ហើយក៏ជាស្ត្រីទីពីររបស់អង់គ្លេសបានកាន់តំណែងជានាយករដ្ឋមន្ត្រី ។
ការបោះឆ្នោតចាក់ចេញពីអឺរ៉ុបកន្លងផុតទៅជាងពីរសប្តាហ៍បន្ទាប់ពីប្រជាជនអង់គ្លេសបានសម្រេចឲ្យប្រទេសខ្លួនដើរចេញពីសហភាពអឺរ៉ុបវិបត្តិនៅអង់គ្លេសកើតមានកាន់តែធ្ងន់ដោយប្រជាជនអង់គ្លេសដែលមិនចង់ឃើញប្រទេសខ្លួន ដើរចេញពីសហភាពអឺរ៉ុប បាននាំគ្នាទាមទារឲ្យមានការបោះឆ្នោតធ្វើប្រជាមតិជាថ្មី។ រដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់ជាផ្លូវការថានឹងគ្មានការបោះឆ្នោតប្រជាមតិជាថ្មីម្តងទៀតនោះទេ។ គ្រប់គ្នាទាំងប្រជាជនទាំងអ្នកនយោបាយត្រូវគោរពទៅតាមការសម្រេចចិត្តរបស់ប្រជាមតិកាលពីថ្ងៃទី២៣ ខែមិថុនា ។
លោកនាយករដ្ឋមន្ត្រីអង់គ្លេស David Cameron បានបញ្ជាក់យ៉ាងច្បាស់ថា ការបោះឆ្នោតប្រជាមតិគឺជាការបោះឆ្នោតតែមួយលើកគត់សម្រាប់ប្រជាជនគ្រប់វ័យ។ លទ្ធផលនៃប្រជាមតិនេះគ្រប់គ្នាត្រូវតែគោរពទោះពេញចិត្តឬមិនពេញចិត្តក៏ដោយ។ លោកបន្តថា ពីពេលនេះទៅយើងទាំងអស់គ្នាត្រូវត្រៀមខ្លួនដើម្បីចាកចេញពីសហភាពអឺរ៉ុប។
គួររំលឹកថា អង់គ្លេសបានរៀបចំការធ្វើប្រជាមតិកាលពីថ្ងៃទី២៣ ខែមិថុនា ដើម្បីឲ្យប្រជាជនសម្រេចថា គាំទ្រឲ្យអង់គ្លេសចេញពីសហភាពអឺរ៉ុប ឬនៅបន្តទៀត។ ជាលទ្ធផលសំឡេងឆ្នោតអ្នកគាំទ្រឲ្យអង់គ្លេសចេញមានចំនួន៥២ភាគរយ ស្មើនឹង ១៧លាន ៤សែនសំឡេង ទល់នឹងសំឡេងអ្នកមិនព្រមចំនួន ៤៨% ដែលស្មើនឹង ១៦លាន១សែនសំឡេង៕
ប្រែសម្រួល៖ សាធី