រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គមចូលរួមផ្សព្វផ្សាយវប្បធម៌បៃតងដើម្បីជួយពលរដ្ឋចាកផុតភាពក្រីក្រ

ចែករំលែក៖

ភ្នំពេញ÷ បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្សព្វផ្សាយចេញនូវគោលដៅកម្សាន្តបៃតង ដែលជាច្រកសេដ្ឋកិច្ចបន្ថែមមួយទៀតសម្រាប់ប្រជាសហគមន៍ និងប្រជាពលរដ្ឋកម្ពុជា។ ការលើកឡើងនេះខណៈលោក រដ្ឋមន្រ្តីអនុញ្ញាតឱ្យសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម ចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ពីឯកឧត្តមរដ្ឋមន្រ្តី ដើម្បីរួមចំណែកក្នុងការងារបរិស្ថានបន្ត នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។

គោលដៅកម្សាន្តបៃតង ដែលបានដកស្រង់ចេញពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺទិសដៅអាទិភាពរួម ចំណែកលើកស្ទួយជីវភាពប្រជាសហគមន៍ឱ្យចាកផុតពីភាពក្រីក្រ តាមរយៈជំហានចម្បងៗ ដែលរួមមានការ រៀបចំថ្នាលបណ្តុះកូនឈើខ្នាតអន្តរជាតិចំនួន ៤កន្លែង ស្ថិតនៅខេត្តកំពង់ស្ពឺ កោះកុង/កំពង់សោម ត្បូងឃ្មុំ និងខេត្តសៀមរាប ដែលអាចមានសមត្ថភាពបណ្តុះកូនឈើ យ៉ាងតិចជាង ១លានដើម។ ឈើដែលបណ្តុះបាន មាន ៣ប្រភេទ ទី១ កូនឈើសម្រាប់ចែកជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សយកទៅដាំ ទី២ បណ្តុះជាឈើជំទង់ និងទី៣ បណ្តុះកូនឈើឱ្យក្លាយជាដើមឈើធំៗ សម្រាប់លក់ជូនក្រុមហ៊ុន ឬស្ថាប័ន ដែលមានតម្រូវការដាំឈើ លំអរក្នុងបូរី ឬទីកន្លែងសាធារណៈនានា។

ក្រៅពីថ្នាលបណ្តុះកូនឈើ ក្រសួងបរិស្ថាន គ្រោងនឹងរៀបចំទីតាំងកម្សាន្ត និងបោះតង់ ទុកប្រគល់ជូនប្រជាពលរដ្ឋ ក្នុងតំបន់ទាំងនោះ ឱ្យពួកគាត់រកចំណូលបាន តាមរយៈការយកថ្លៃសេវាកម្ម ពីភ្ញៀវទេសចរណ៍ ដោយអនុវត្តនូវគោលការណ៍ស្អាត តម្លៃសមរម្យចំពោះភ្ញៀវទេសចរ ដែលទាំងនេះជាវប្បធម៌ស្អាត បៃតង និងចីរភាព នៅក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបាននិងកំពុងផ្សព្វផ្សាយ និងអនុវត្តយ៉ាងសកម្ម ដើម្បីជំរុញឱ្យកម្ពុជាក្លាយជាប្រទេស អព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

...

ស្របនឹងការលើកឡើងនេះ លោក ជុំ ហួត ប្រធានសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គមបានប្តេជ្ញាចិត្ត ចូលរួមសហការជាមួយក្រសួងបរិស្ថាន ដើម្បីផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសការផ្សព្វ ផ្សាយអំពីយុទ្ធនាការនានា ដូចជាយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក និងយុទ្ធនាការដាំដើមឈើឱ្យច្រើនជាងការកាប់ រួមទាំងវិធានការ៤ចំនុចទប់ស្កាត់បទល្មើសធន ធានធម្មជាតិ ដែលក្រសួងបរិស្ថានបានដាក់ចេញ ដើម្បីបង្កើនគម្របព្រៃឈើកម្ពុជា ឱ្យបានចំនួន៦០% នៅឆ្នាំ២០៥០៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print