កម្ពុជា-ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត

ចែករំលែក៖

ទីក្រុងដាវ៉ូស៖​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤​ បានអនុញ្ញាតឱ្យ លោកស្រី​ Samantha Power ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។

ក្នុងឱកាសនៃជំនួបនេះ លោកស្រី​ប្រធានទីភ្នាក់ងារ USAID បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យលោកស្រី និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ហើយលោកជំទាវបានគោរពជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាពការងាររបស់ USAID នៅកម្ពុជា ពិសេសក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការការពារកុមារតូច តាមរយៈកិច្ចសហប្រតិបត្តិការរវាង USAID និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់កម្មវិធីអប់រំ អនាម័យ និងបរិក្ខាសិក្សានៅតាមសាលារៀនសម្រាប់កុមារតូច។

លោកស្រី​ ក៏បានកោតសរសើរ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយអត្រាជំងឺឆ្លង និងកាត់បន្ថយអត្រាមរណភាព របស់ទារក និងកុមារតូចក្រោមអាយុ៥ឆ្នាំ ផងដែរ។ លោកស្រី​ បានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងការបន្តការផ្ដល់ជំនួយលើវិស័យអប់រំ និងបរិស្ថាន ដែលផ្តោតលើការអភិរក្សជីវៈចម្រុះ ការការពារប្រព័ន្ធអេកូឡូស៊ី និងការលើកកម្ពស់ជីវភាពសហគមន៍នៅកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយ ចំពោះគម្រោងកិច្ចសហប្រតិបត្តិការរបស់ USAID នៅកម្ពុជា នាពេលកន្លងមក និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយរបស់ USAID ដែលបានរួមចំណែកដល់ការអភិវឌ្ឍ និងការរីកចម្រើនសង្គម-សេដ្ឋកិច្ច របស់កម្ពុជា។

...

ជាមួយគ្នានោះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការបន្តផ្តល់ជំនួយចំនួន ១៨ លានដុល្លារអាមេរិក តាមរយៈ USAID ដល់កម្ពុជា ក្នុងពេលសម្តេចធិបតីបានទទួលជួបពិភាក្សាការងារជាមួយនឹងលោកជំទាវ Victoria Nuland អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក នាឱកាសអញ្ជើញបំពេញទស្សនកិច្ចទៅចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិនៅបុរីញូយ៉ក៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print