នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Tony Peck ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ÷នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤ នាយឧត្តម សេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការ ជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអនុញ្ញាតឱ្យ លោកវរសេនីយ៍ឯក Tony Peck ចូលជួបសម្តែងការគួរសម និងបង្ហាញខ្លួន ក្នុងនាមជា នាយអនុព័ន្ធយោធាអូស្រ្តាលីថ្មីប្រចាំកម្ពុជា នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

លោក សែម សុវណ្ណនី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានមកដល់កម្ពុជារបស់ លោកវរសេនីយ៍ឯក Tony Peck និងបានអរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនអូស្រ្តាលី ដែលតែងជួយគាំទ្រកម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាពកន្លងមក។ លោកបានបញ្ជាក់ថា អូស្រ្តាលី ជាប្រទេសទី១ដែលបានផ្តល់វគ្គហ្វឹកហ្វឺនបោសសម្អាតមីន នាយទាហានសេនាធិការ សង្កេត ការណ៍ និងបានជួយជ្រោមជ្រែងកម្ពុជា ក្នុងការបញ្ជូនកងលេខ១៣៥ទៅកាន់បេសកកម្មនៅសាធារណរដ្ឋស៊ូដង់។ រហូត់មកដល់បច្ចុប្បន្ន អូស្រ្តាលី បានផ្តល់វគ្គហ្វឹកហ្វឺនទាំងក្នុង និងក្រៅប្រទេសសរុបចំនួន២៥វគ្គ មានសិក្ខាកាមចូលរួម ១៥៤នាក់។

ឆ្នាំ២០២៤នេះ ជាខួបលើកទី៧២ នៃទំនាកទំនងការទូតកម្ពុជា-អូស្រ្តាលី ជាពិសេសជាឆ្នាំដៅខួបលើកទី ៣២ ដែលកម្ពុជា ធ្លាប់ទទួលទាហានមួកខៀវអង្គការ សហប្រជាជាតិ ក្នុងនោះក៏មានកងកម្លាំងរក្សាសន្តិភាពអូស្ត្រាលីជាង ៥០០នាក់ មន្រ្តីជាន់ខ្ពស់និងឧទ្ធម្ភាគចក្រចំនួន៦គ្រឿង ជួយគាំទ្រនិងពង្រឹងបេសកកម្ម UNTAC នៅកម្ពុជា ដោយមានការដឹកនាំដោយឧត្តមសេនីយ៍ឯក John Sanderson មេបញ្ជាការបេសកកម្ម UNTAC ដែលជាជនជាតិអូស្រ្តាលី ហើយយើងនៅចងចាំគុណូបការៈនេះជាដរាបរៀងមក។

ជាមួយគ្នានោះលោក សែម សុវណ្ណនី បានសម្តែងក្តីសង្ឃឹមថា អូស្រ្តាលី នឹងបង្កើតឱ្យមានវគ្គហ្វឹកហ្វឺនក្នុង និងក្រៅស្រុករយៈពេលវែង-ខ្លី បន្ថែមដោយអាចរួម បញ្ចូលទាំងកងកម្លាំងមួកខៀវ,នគរបាល និងរាជអាវុធ ហត្ថ ។ លើសពីនេះនាយឧត្តមសេនីយ៍ ក៏បានស្នើឱ្យពង្រីកវគ្គហ្វឹកហ្វឺនពីទ្វេភាគី ទៅជាត្រីភាគីផងដែរ។

លោកវរសេនីយ៍ឯក Tony Peck បានកោតសរសើរយ៉ាងខ្លាំងចំពោះសកម្មភាព ដែលបានចូលរួមជាមួយគ្នារវាងកម្ពុជា-អូស្រ្តាលី ក្នុងប្រតិបត្តិការរក្សាសន្តិភាព។ កម្ពុជា បានប្រែក្លាយខ្លួនពីប្រទេសដែលធ្លាប់ទទួលកង កម្លាំងរក្សាសន្តិភាព អ.ស.ប. មកជាប្រទេស ដែលបានចូលរួមយ៉ាងសកម្មក្នុងការបញ្ជូនកងកម្លាំងមួកខៀវ ចូលរួមបេសកកម្មរក្សាសន្តិភាព អ.ស.ប៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print