លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញប្រកាសលទ្ធផល នៃការប្រលងសាកល្បងសមត្ថភាពប្រើប្រាស់កុំព្យូទ័រ សម្រាប់មន្ត្រីនគរបាលទូទាំងខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសលទ្ធផលប្រលងសាកល្បងសមត្ថភាពប្រើប្រាស់កុំព្យូទ័រ សម្រាប់មន្ត្រីនគរបាលទូទាំងខេត្តព្រៃវែង ព្រមទាំងបានសំណេះសំណាល ជាមួយមន្ត្រីនគរបាលដែលជាបេក្ខជន-បេក្ខនារី ទាំងអស់ដែលបានខិតខំបញ្ចេញសមត្ថភាពក្នុងការប្រលងប្រជែងកន្លងមក ដោយជយលាភីលេខ ១ ទទួលបានថវិកាលើកទឹកចិត្តចំនួន ២.០០០.០០០ រៀល, លេខ ២ ទទួលបាន ១.០០០.០០០ រៀល និងលេខ ៣ ទទួលបាន ៥០០.០០០ រៀល ដោយឡែកសម្រាប់បេក្ខជន-បេក្ខនារី ដែលមិនទទួលបានជយលាភី ទទួលបានថវិកាលើកទឹកចិត្តក្នុងម្នាក់ៗចំនួន ១០០.០០០ រៀល សរុបថវិកា ៦.៩០០.០០០ រៀល ។

គួររំលឹកថា ការប្រឡងសាកល្បងសមត្ថភាពប្រើប្រាស់កុំព្យូទ័រនេះ គឺបានធ្វើឡើងកាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលមានបេក្ខជន-បេក្ខនារី មកពីការិយាល័យជំនាញ និងបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ១៣ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចូលរួមសរុប ៣៨ នាក់ ក្នុងនោះនគរបាលនារី ៧ នាក់ ។

ការប្រឡងសាកល្បងសមត្ថភាពប្រើប្រាស់កុំព្យូទ័រសម្រាប់មន្ត្រីនគរបាលទូទាំងខេត្តព្រៃវែងនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីលើកទឹកចិត្តដល់មន្ត្រីនគរបាលទូទាំងខេត្ត ដែលបានខិតខំបម្រើការងារជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋខេត្តព្រៃវែង ក៏ដូចជាការជំរុញលើកទឹកដល់មន្ត្រីនគរបាលខេត្តព្រៃវែង បន្តខិតខំដុសខាត់សមត្ថភាពរបស់ខ្លួនបន្ថែមទៀត ក្នុងការអនុវត្តការងារតាមរយៈបច្ចេកវិទ្យាព័ត៌មានវិទ្យា ដោយប្រើប្រាស់កុំព្យូទ័រ ដើម្បីពង្រឹង និងពន្លឿនប្រសិទ្ធភាពការងារបានកាន់តែល្អប្រសើរ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print