កូរ៉េខាងជើងតបតនឹងការធ្វើសមយុទ្ធ រវាងអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ដោយការសាកល្បងប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹក

ចែករំលែក៖

នៅថ្ងៃទី១៩ខែមករា ក្រសួងការពារជាតិកូរ៉េខាងជើង បានប្រកាសថា ប្រទេសនេះបានសាកល្បងប្រព័ន្ធអាវុធនុយក្លេអ៊ែរ នៅក្រោមទឹក ដើម្បីតបតនឹងការធ្វើសមយុទ្ធរួមត្រីភាគី រវាង អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ដែលទីក្រុងព្យុងយ៉ាងចាត់ទុកថាជាសកម្មភាពសម្តៅទៅលើកូរ៉េខាងជើង ។

KCNA បាននិយាយថា ការធ្វើតេស្តប្រព័ន្ធហៅថា Haeil-5-23 ដែលជាប្រភេទដ្រូនវាយប្រហារក្រោមទឹក អាចបំពាក់អាវុធនុយក្លេអ៊ែរ នៅឯដែនសមុទ្រភាគខាងកើតឆ្នេរ របស់កូរ៉េខាងជើង ប៉ុន្តែ មិនបានបញ្ជាក់ឱ្យច្បាស់ៗ អំពីកាលបរិច្ឆេទនៃការធ្វើតេស្តនោះឡើយ។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យមួយរូបនៃក្រសួងការពារជាតិកូរ៉េខាងជើង បានចេញមុខរិះគន់សមយុទ្ធយោធារវាងសម្ព័ន្ធមិត្តទាំង៣ ហើយថែមទាំងបានព្រមានអំពីផលវិបាកដ៏អន្តរាយទៀតផង។
កាលពីថ្ងៃពុធសប្តាហ៍នេះ កងទ័ពជើងទឹកអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ទើបតែបានបញ្ចប់ការធ្វើសមយុទ្ធយោធា ដែលមានរយៈពេល៣ថ្ងៃ និងមានការចូលរួមពីសំណាក់ នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក Carl Vinson ខណៈវាគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ដើម្បីពង្រឹងសមត្ថភាពឆ្លើយតបរបស់ពួកគេ ចំពោះការវិវឌ្ឍខ្លាំងឡើងនៃការគំរាមកំហែង មីស៉ីលបាលិស្ទីគ និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ឈ្មោះ Haeil ដែលមានន័យស្មើនឹងរលកយក្ស ប្រព័ន្ធដ្រូនក្រោមទឹករបស់កូរ៉េខាងជើង ធ្លាប់ត្រូវបានរាយការណ៍អំពីការធ្វើតេស្តលើកដំបូង កាលពីខែមីនា ឆ្នាំ២០២៣ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នាពេលនោះបានអះអាងថា វាត្រូវបានរចនាឡើង ដើម្បីឆ្មក់វាយប្រហារនៅដែនទឹករបស់សត្រូវ ហើយកម្ទេចកងនាវាចម្បាំង និងកំពង់ផែប្រតិបត្តិការសំខាន់ៗ តាមរយៈការបង្កើតរលកវិទ្យុសកម្មធំៗ ដោយការបំផ្ទុះក្រោមផ្ទៃទឹក៕

...

រូប​ថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print