ខេត្តស្វាយរៀង: ក្រុមក្មេងទំនើងមួយក្រុមមានគ្នា០៨នាក់បានបង្ហោះរូបភាពកាន់ដាវ និងបង្ហោះម៉ូតូបង្កអុកឡុកបង្កការភ័យខ្លាចដល់ពលរដ្ឋ ក្នុងភូមិសាស្ត្រ ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការនគរបាលស្រុកស្វាយជ្រំឃាត់ខ្លួនយកមកអប់រំ និងធ្វើកិច្ចសន្យានៅប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសូ។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថានៅឍព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២៤ នេះថា បន្ទាប់ពីមានការបង្ហោះនូវរូបភាពក្រុមក្មេងទំនើងមួយក្រុមកាន់ដាវ និងបង្ហោះម៉ូតូបង្កអុកឡុកតាមរយៈបណ្តាញសង្គមFaecbook និងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទីរសៀល លោក បានដឹកនាំកម្លាំងជំនាញស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសូ បានកោះហៅក្មេងទំនើងមួយក្រុមដែលដើរកាន់ដាវ និងបង្ហោះម៉ូតូបង្កអុកឡុក ក្នុងភូមិសាស្ត្រ ឃុំអង្គតាសូ ស្រុកស្វាយជ្រំខេត្តស្វាយរៀងមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសូ។
ប្រភពបានបន្តទៀតថាចំពោះមុខសមត្ថកិច្ចក្រុមក្មេងទំនើងបានសារភាពថាក្រុមខ្លួនពិតជាបានធ្វើសកម្មភាពដូចខាងលើនេះមែន។
ក្រោយពីនាំខ្លួនមកសាក់សួរ និងស្ដាប់ចម្លើយសារភាពរួចសត្ថកិច្ចបានធ្វើការអប់រំនិងបានហៅអាណាព្យាបាលមកប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសូ ដើម្បីអប់រំក្មេងទំនើងនៅចំពោះ មុខសមត្ថកិច្ច និងចំពោះមុខអាណាព្យាបាលឱ្យយល់ដឹងអំពីកំហុសនិងផ្លូវច្បាប់។
បន្ទាប់ពីធ្វើការអប់រំរួចសមត្ថកិច្ចបានឱ្យអាណាព្យាបាលធ្វើលិខិត ធានាយកកូនទៅផ្ទះវិញដើម្បីអប់រំបន្តផងដែរ៕