ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានធ្វើការបញ្ជូនខ្លួនតារាចម្រៀង និងសម្តែង កែវ ពិសី ហៅ រតនៈ ពិសី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការសាកសួរ ក្រោយចាប់ខ្លួនពីបទរំលោភលើទំនុកចិត្តនិងមិនបំពេញកាតព្វ កិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន។
ការឃាត់និងបញ្ជូនខ្លួនតារាសម្តែង កែវ ពិសី គឺធ្វើឡើងដោយយោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ផាន់ សូរិយា ភេទស្រីអាយុ៣១ឆ្នាំដោយបានប្តឹងចោទប្រកាន់ឈ្មោះ កែវ ពិសី ពីបទរំលោភលើទំនុកចិត្តនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបានប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញកាលកំឡុងថ្ងៃទី ១៣ ខែ មេសាឆ្នាំ ២០២៣ ។
គួររំលឹកថាតារាសម្តែង កែវ ពិសី សមត្ថកិច្ចធ្លាប់កោះហៅឲ្យចូលបំភ្លឺជុំវិញករណីចេញសែកគ្មានសាច់ប្រាក់ សែកស្អុយតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលបានដាក់ ចូលទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី២០ ខែកញ្ញា និងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។
បច្ចុប្បន្នជនជនសង្ស័យ កំពុងស្ថិតក្នុងដំណើការសាកសួរពីតំណាងអយ្យការនៅឡើយ៕ ដោយ រ៉ារ៉ា