ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃលម្ពុជា បានថ្លែងថា ៖ កម្ពុជាពីមុនដែលធ្លាប់បានហែកហួរដោយសារសង្គ្រាម ធ្លាប់តែល្បីថាជាវាលពិឃាដ ជាតំបន់អសន្តិសុខ គេភ័យខ្លាចគ្រប់ៗគ្នា ឥឡូវនេះបានក្លាយទៅជារដ្ឋអធិបតេយ្យ និងជារដ្ឋឯករាជ្យ ដែលមានសុខសន្តិភាព នីតិរដ្ឋ និងស្ថិរភាពនយោបាយ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសរីពហុបក្ស និងមានព្រះមហាក្សត្រគោរពដ៏ខ្ពង់ខ្ពស់ ទ្រង់គង់ជាម្លប់ដ៏ត្រជាក់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅក្នុងឱកាសអញ្ជើញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក
(២៤ មករា ១៩៩៩ ~ ២៤ មករា ២០២៤)។
សម្តេចធិបតី បានថ្លែងបន្តថា ៖ កម្ពុជាពីមុនធ្លាប់បានដាក់ឱ្យឯកោទាំងនយោបាយ និងសេដ្ឋកិច្ច ឥឡូវនេះកម្ពុជា បានធ្វើសមារណកម្មពេញលេញនៅក្នុងរចនាសម្ព័ន្ធក្នុងតំបន់ និងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការថែរក្សាសណ្តាប់ធ្នាប់ និងសន្តិភាពក្នុងសកលលោក ក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីថ្លែងថា ៖ ដើម្បីពង្រឹងសមត្ថភាពកងទ័ព ត្រូវពង្រឹងសាលា ដើម្បីពង្រឹងសាលា ត្រូវពង្រឹងយោធាចារ្យ។
សម្ដេចធិបតីបន្តថា ៖ កម្ពុជានឹងកសាងសាលា ហ្វឹកហ្វឺនបន្ថែមទៀត ដោយផ្ដោតលើជំនាញរថក្រោះ, កាំភ្លើងធំ និងការពារអាកាស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយឧត្ដមសេនីយ៍ មានប្រសាសន៍ទៀតថា ៖ កម្ពុជាមិនមានមហិច្ឆតារំលោភឈ្លានពានគេនោះទេ។ កម្ពុជាធ្វើទំនើបកម្មកងទ័ពដូចប្រទេសនានាដែរ។ នៅក្នុងពិភពលោក នេះ មិនមានច្បាប់ហាមឃាត់ប្រទេសណាមួយ មិនឱ្យធ្វើទំនើបកម្មកងទ័ពនោះឡើយ ៕