ខេត្តតាកែវ៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយករណីគ្រោះថ្នាក់ចរាចរណ៏ដែលបង្កឡើងដោយរថយន្តដាច់ចង្កូត រេទៅបុកម៉ូតូដែលបើកបរក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញទំហឹង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង១៣និង០០នាទី ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ២ ចន្លោះគ.មលេខ១១.១២ នៅចំណុចភូមិត្រពាំងឫស្សី ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ។
លោក ង៉ាន់ សារី អធីការស្រុកបាទីបានអោយដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ 2M-4824 បើកបរដោយឈ្មោះ ពិន សៅ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ចំណែកម៉ូតូម៉ាក ស្មាស់រេវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1T 2272 បើកបរដោយឈ្មោះ ទូច ផៃ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិស្វាយរលំ ឃុំលេខ១ ស្រុកស្អាង ខេត្តកណ្ដាល បានស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យភ្នំពេញ ចំណែកអ្នករួមដំណើរឈ្មោះ មឿន មាស ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិរយ៉ក ឃុំកុមារាជា ស្រុកបាទី រងរបួសធ្ងន់ ។
អ្នកឃើញហេតុការណ៍បាននិយាយប្រាប់ប៉ូលីសថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ពណ៌ស បើកបរពីទិសខាងកើត ឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុក៏រេចង្កូតមកបុកម៉ូតូមួយគ្រឿងដែលធ្វើដំណើរច្រាស់ទិសគ្នា យ៉ាងពេញទំហឹងបណ្ដាលអោយមានមនុស្សរងរបួសធ្ងន់តែម្ដង ៕
ដោយ៖ សហការី