ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌចំការមន សម្រេចចិត្តចាប់វាយខ្នោះដៃបុរសជនជាតិចិនម្នាក់ បន្ទាប់ពីរូបគាត់បើករថយន្តម៉ាក Porsche បង្កគ្រោះថ្នាក់ចរាចរណ៍ ពេលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ បានធ្វេីណែនាំនិងនិយាយគ្នាមិនព្រមស្ដាប់ ហើយស្ទុះប្រុងវាយសមត្ថកិច្ចថែមទៀត ទេីបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាជួយចាប់ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ២៖២០នាទីរសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវលេខ២៣៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តសេរីទំនើបមួយគ្រឿង ម៉ាក Porsche បើកវ៉ាគេឯងក៏ជ្រុលចង្កូតទៅបុកម៉ូតូឡាំប្រឺតាឥណ្ឌាមួយគ្រឿង ហើយបន្តទៅបុកជាមួយរថយន្តមួយគ្រឿងទៀត ម៉ាក CRV បណ្តាលឲ្យរងការខូចខាតទាំងសងខាង ប៉ុន្តែមិនមានអ្នករងរបួសនោះទេ។
ភ្លាមនោះកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ និងបានហៅបុរសជាជនជាតិចិន មកប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ប៉ុន្តែបុរសជាជនជាតិចិនខាងលើមិនព្រម សហការជាមួយកម្លាំងសមត្ថកិច្ចនោះទេ ថែមទាំងរកវាយកម្លាំងសមត្ថកិច្ចថែមទៀត ឃេីញដូច្នេះកម្លាំងសមត្ថកិច្ចបានចាប់វាយខ្នោះជនបង្ក យកមកសាកសួរនៅនគរបាលប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់តែម្តង៕ដោយ៖ជីណា