សារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា ប្រធានាធិបតីទួរគីលោក Tayyip Erdogan ទីបំផុតបានយល់ព្រមជាផ្លូវការឱ្យស៊ុយអែតចូលរួមក្នុងអង្គការណាតូ (NATO) បន្ទាប់ពីអូសបន្លាយពេលអស់ជាច្រើនខែ ហើយឥលូវនៅសល់តែហុងគ្រីប៉ុណ្ណោះ ដែលនៅជាឧបសគ្គ មុនពេលទីក្រុងស្តុកខុលអាចក្លាយជាសមាជិកបក្សសម្ព័ន្ធយោធាមួយនេះ។
សេចក្តីប្រកាសព័ត៌មានពីការិយាល័យលោក Erdogan បានបង្ហាញថា លោកប្រធានាធិបតីទួរកី បានចុះហត្ថលេខាជាផ្លូវការលើការផ្តល់សច្ចាប័នពីសំណាក់សភាទួរគី ចំពោះសមាជិកភាពណាតូរបស់ស៊ុយអែត ដែលត្រូវបានធ្វើឡើងក្នុងសប្តាហ៍នេះ ពោលគឺរយៈពេល២០ខែ បន្ទាប់ពីទីក្រុងស្តុកខុល បានដាក់ពាក្យស្នើសុំចូលរួមក្នុងណាតូ ក្រោយសង្រ្គាមឈ្លានពានរបស់រុស្ស៉ីផ្ទុះឡើងនៅអ៊ុយក្រែន។
នាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson បានស្វាគមន៍ការយល់ព្រមរបស់ទួរគី ហើយរដ្ឋមន្រ្តីការបរទេសស៊ុយអែត លោក Tobias Billstrom បានលើកឡើងថា នាពេលនេះនៅសល់តែការផ្តល់សច្ចាប័នពីហុងគ្រីមួយទៀតប៉ុណ្ណោះ គឺស៊ុយអែតនឹងបានក្លាយជាសមាជិកផ្លូវការរបស់ណាតូហើយ។
ក្រោយបើកផ្លូវទទួលយកស៊ុយអែត ទីក្រុងអង់ការ៉ារំពឹងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមធ្វើការលើការធានាឱ្យបាននូវការអនុម័តពីសភាអាមេរិក សម្រាប់គម្រោងលក់យន្តហោះចម្បាំង F-16 គិតជាទឹកប្រាក់សរុប២០ពាន់លានដុល្លារឱ្យទួរគី ខណៈការលក់យន្តហោះយោធានេះ ត្រូវបានយល់ព្រមទាំងលោក Erdogan ផ្ទាល់ និងក្រុមសមាជិកសភាអាមេរិក ទាញភ្ជាប់ទៅនឹងការផ្តល់សច្ចាប័នលើសមាជិកភាពណាតូរបស់ស៊ុយអែត៕ ដោយធីរីណា
រូបថត: baomoi.com