អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) មានប្រារព្ធពិធីអបអរសាទរទិវាគយអន្តរជាតិ និងត្រូវជាខួបលើកទី៧១ឆ្នាំ នៃការបង្កើតអង្គការគយពិភពលោក

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) មានប្រារព្ធពិធីអបអរសាទរទិវាគយអន្តរជាតិ និងត្រូវជាខួបលើកទី៧១ឆ្នាំ នៃការបង្កើតអង្គការគយពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក បណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីគយនិងរដ្ឋាករ តំណាងក្រសួង/ស្ថាប័ន តំណាងក្រុមហ៊ុន និងដៃគូអភិវឌ្ឍន៍នានា។ ការប្រារព្ធពិធីទិវាគយអន្តរជាតិសម្រាប់ឆ្នាំនេះ គឺធ្វើឡើងក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូប្រពៃណី និងបង្កើតភាពជាដៃគូថ្មីដោយមានគោលដៅរួមច្បាស់លាស់” (Customs Engaging Traditional and New Partners with Purpose)។

ជារៀងរាល់ឆ្នាំនៅថ្ងៃទី២៦ ខែមករា រដ្ឋបាលគយនៃប្រទេសជាសមាជិកអង្គការគយពិភពលោកដែលបច្ចុប្បន្នមានចំនួន ១៨៥ប្រទេស រៀបចំពិធីដើម្បីអបអរសារទរទិវាគយអន្តរជាតិដើម្បីរំលឹកដល់ការបង្កើតក្រុមប្រឹក្សាសហប្រតិបត្តិការគយ ដែលបច្ចុប្បន្នមានឈ្មោះថា អង្គការគយពិភពលោក (WCO)។ ប្រធានបទសម្រាប់ឆ្នាំ២០២៤នេះ គឺរៀបចំឡើងក្នុងគោលបំណងអំពាវនាវដល់សមាជិកអង្គការគយពិភពលោកទាំងអស់ ធ្វើការវាយតម្លៃឡើងវិញនូវការរៀបចំយុទ្ធសាស្ត្រដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងរឹតចំណងភាពជាដៃគូរបស់ខ្លួនដែលមានស្រាប់ឱ្យកាន់តែស៊ីជម្រៅ និងត្រូវបង្កើតសម្ព័ន្ធភាពដៃគូថ្មីជាច្រើនទៀត ទោះជាស្ថិតនៅក្នុងកាលៈទេសៈ ដែលសកលលោកកំពុងវិវត្តឥតឈប់ឈរនិងឥតព្រាងទុក ព្រមទាំងកំពុងជួបប្រទះនូវបញ្ហាប្រឈមជាច្រើនរួមមាន៖ បដិវត្តន៍បច្ចេកវិទ្យា, វិបត្តិបរិស្ថាននិងសុខមាលភាព និងភាពតានតឹងនៃភូមិសាស្រ្តនយោបាយ ព្រមទាំងសង្រ្គាម រុស្សី-អ៊ុយក្រែន អ៊ីស្រាអ៊ែល-ក្រុមហាម៉ាស់ ជាដើម។ល។ ប្រធានបទឆ្នាំនេះ មិនត្រឹមតែជាប្រយោគពាក្យស្លោកប៉ុណ្ណោះទេ ប៉ុន្តែគឺជាផែនទីចង្អុលផ្លូវសម្រាប់រដ្ឋបាលគយត្រៀមរៀបចំយុទ្ធសាស្រ្តកំណែទម្រង់និងទំនើបកម្មគយ ផែនការសកម្មភាពដើម្បីសម្រេចបាននូវបេសកកម្ម និងចក្ខុវិស័យរបស់រដ្ឋបាលគយនីមួយៗ ដើម្បីពង្រឹងបន្ថែមនូវកិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិ និងរួមចំណែកបង្ករឱ្យមានបរិយាកាសធុរកិច្ចល្អប្រសើរ, ការបង្កើនប្រសិទ្ធភាព ក្នុងការប្រមូលចំណូលពន្ធអាករ ប្រកបដោយសមធម៌និងតម្លាភាព, ការបង្កើនប្រសិទ្ធភាពក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ, និងការចូលរួមចំណែកការពារសង្គម បរិស្ថាន និងសុខមាលភាពរបស់ប្រទេសជាតិ។

ដើម្បីកែលម្អកិច្ចសម្រួលពាណិជ្ជកម្ម និងបរិយាកាសវិនិយោគនិងធុរកិច្ចនៅកម្ពុជា ព្រមទាំងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តតួនាទីស្នូលគឺការប្រមូលពន្ធនិងអាករ, អគរ បានកំណត់គោលដៅយ៉ាងច្បាស់លាស់នៅក្នុងឯកសារយុទ្ធសាស្ត្រកែទម្រង់ និងទំនើបកម្មគយឆ្នាំ២០២៤-២០២៨របស់ខ្លួន។ កិច្ចសម្រួលពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការគយ ត្រូវបានទទួលស្គាល់ថា ជាផ្នែកមួយដ៏សំខាន់សម្រាប់រាល់កិច្ចដំណើរការរបស់រដ្ឋបាលគយ។ ក្នុងន័យនេះហើយ អគរ បានរៀបចំឱ្យមានយន្តការសហប្រតិបត្តិការជាមួយដៃគូរជាច្រើន ដែលក្នុងនោះរួមមាន៖ រវាងរដ្ឋបាលគយនានា, គយជាមួយស្ថាប័នរបស់រាជរដ្ឋាភិបាល (ក្រសួងពាណិជ្ជកម្ម, ក្រសួងយុត្តិធម៌, អគ្គស្នងការនគរបាលជាតិ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, កងរាជអាវុធហត្ថ,…), គយជាមួយវិស័យឯកជន (CPPM, JBAC, EUROCHAM, CLA…) និងគយជាមួយដៃគូអភិវឌ្ឍន៍ (IMF, WB, UNODC, ADB, JICA, EU-Arise Plus/ GIZ…)ជាដើម។

ដោយសារមានការចូលរួមយ៉ាងសកម្មពីដៃគូនានារបស់យើង បានធ្វើឱ្យ អគរ សម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការ រួមមាន៖
១. បានបញ្ចប់ការអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី២ និងបានចាប់ផ្ដើមការអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី៣, ។
២.បានធ្វើសន្ធានកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មគយជាមួយប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់រតនាគារជាតិ អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងប្រៃសណីយ៍កម្ពុជា ។
៣. បានដាក់ឱ្យអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO) និងបានបង្កើនចំនួនសមាជិកនៃក្រុមធុរជនល្អបំផុត (Best Traders) ។
៤.បានចុះកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើការងារប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតក្នុងក្របខ័ណ្ឌអាស៊ាន (MRA) ។
៥.បានអនុវត្តយន្តការភាពជាដៃគូគយ-ផ្នែកឯកជន (CPPM) និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមធុរកិច្ចផ្សេងទៀត ដោយបានដោះស្រាយនូវបញ្ហានិងសំណូមពរជាច្រើន របស់ផ្នែកឯកជនពាក់ព័ន្ធនឹងការងារគយ ។
៦.បានចូលរួមអនុវត្តគោលនយោបាយពាណិជ្ជកម្មអន្តរជាតិរបស់រាជរដ្ឋាភិបាល ពិសេសក្នុងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដែលរួមមានជាមួយចិន កូរ៉េ អេមីរ៉ាតអារ៉ាប់រួម និងការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)ជាដើម ។
៧.

បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយរដ្ឋបាលគយចិន ហុងកុង និងកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការគយ និងការជួយគ្នាទៅវិញទៅមក ៨.បានរៀបចំផែនទីចង្អុលផ្លូវស្តីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្នាំ២០២២-២០២៥ ក្រោមក្របខ័ណ្ឌគណៈកម្មាធិការកិច្ចសម្រួលពាណិជ្ជកម្ម និង៩.បានចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទ្វេភាគី ពហុភាគី តំបន់ និងសកលលោក ក្នុងការចែករំលែកព័ត៌មាន និងការជួយគ្នាទៅវិញទៅមក តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានិងកិច្ចព្រមព្រៀងសហប្រតិបត្តិការនានាជាច្រើន។

ដើម្បីចូលរួមអបអរសារទរទិវាគយអន្តរជាតិឆ្នាំ២០២៤ ក៏ដូចជាការលើកទឹកដល់មន្ត្រីគយនិងរដ្ឋាករ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនឯកជន លោកបណ្ឌិត គុណ ញឹម ក៏បានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្រទទួលស្គាល់ស្នាដៃរបស់អង្គការគយពិភពលោក (WCO Certificates of Merit) ជូនមន្រ្តីគយនិងរដ្ឋាករចំនួន ១០រូប, មន្ត្រីនៃក្រសួងពាណិជ្ជកម្មចំនួន ១រូប និងក្រសួងយុត្តិធម៌ចំនួន ១រូប, អគ្គស្នងការនគរបាលជាតិចំនួន ១, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចំនួន ១, កងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ១ ដែលមានស្នាដៃ និងកិច្ចសហ-ប្រតិបត្តិការល្អ និងក្រុមហ៊ុនដែលបង់ពន្ធច្រើនជាងគេចំនួន៥,ក្រុមហ៊ុននាំចេញច្រើនជាងគេចំនួន៥ សរុបទាំងអស់ចំនួន ២៥ វិញ្ញាបនបត្រ។ ជាមួយគ្នានេះដែរក៏មានពិធីចែក វិញ្ញាបនបត្រប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតជូនក្រុមហ៊ុនចំនួន ៣, ប័ណ្ណសរសើររបស់ UNODCជូនដល់មន្ត្រីគយនិងរដ្ឋាករចំនួន១០រូប និងបំពាក់គ្រឿងឥស្សរិយយសដល់មន្ត្រីគយនិងរដ្ឋាករសរុបចំនួន ២២រូប។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ពិធីអបអរសាទរទិវាគយអន្តរជាតិ នឹងធ្វើឲ្យមានចំណាប់អារម្មណ៍ក្នុងការបន្តការគាំទ្រដល់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក្នុង ការបំពេញបេសកកម្មរបស់ខ្លួនក៏ដូចជាការចូលរួមជំរុញពង្រឹងភាពជាដៃគូប្រពៃណី និងបង្កើតភាពជាដៃគូថ្មីដោយមានគោលដៅរួមច្បាស់លាស់ ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិបន្ថែមទៀត។

ពិធីអបអរសាទរទិវាគយអន្តរជាតិ និងខួបលើកទី៧១ឆ្នាំ នៃការបង្កើតអង្គការគយពិភពលោក នេះបានបញ្ចប់នៅវេលាម៉ោង១១:០០នាទី នាថ្ងៃដដែលក្រោមបរិយាកាសការងារ និងស្និទ្ធស្នាល ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print