ខេត្តកំពង់ឆ្នាំង÷ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០២៤នេះ បបានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ចុះពិនិត្យភ្លាមៗទីតាំងសាងសង់ផ្ទះថ្មី១ខ្នង ជូនដល់កុមារកំព្រា ២នាក់បងប្អូន រស់នៅភូមិត្បែងខ្ពស់ឃុំត្បែងខ្ពស់ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងបញ្ជូនកុមារជាបង មកព្យាបាល បន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
កុមារកំព្រា ២នាក់បងប្អូន មានបងប្រុសឈ្មោះ ពឹម សំណាង អាយុ ១៧ឆ្នាំ មានជំងឺមិនប្រក្រតីទ្វារធំពីកំណេីត (ធ្លាប់ព្យាបាលនៅមន្ទីរពេទ្យកុមារគន្ធបុប្ផា) បច្ចុប្បន្នធ្វេីជាកម្មករនៅកសិដ្ឋានចិញ្ចឹមជ្រូក និងប្អូនស្រីឈ្មោះ ពឹម ណេង អាយុ ១២ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៦។
តាមការបញ្ជាក់របស់លោកស្រីម៉ែន នារីសោភ័គ បានឱ្យដឹងថា ៖ «បន្ទាប់ពីបានទទួលព័ត៌មានពីភាពងាយរងគ្រោះបំផុតរបស់កុមារទាំងពីរខាងលេី, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យសហការី ចុះពិនិត្យទីតាំងសមស្រប ដែលអាចសាងសង់ផ្ទះបានសមរម្យ។ ជាក់ស្តែង បេសកកម្មក្នុងថ្ងៃនេះ គឺក្រុមការងារ បានចុះមកពិនិត្យស្ថានភាពជាក់ស្តែងរួចហេីយ ហេីយដែលក្រុមជាងសាងសង់ផ្ទះនឹងចុះមកសាងសង់ឱ្យបានឆាប់ៗ ទៅតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។»
លោកស្រីបានបញ្ជាក់បន្ថែមថា ៖ ការសម្រេចសាងសង់ផ្ទះឱ្យបានសមរម្យនេះ គឺជាការបន្ថែមនូវគុណតម្លៃចំពោះសប្បុរសជនទាំងអស់ដែលបានជួយដល់កុមារ និងជាការគិតគូរវែងឆ្ងាយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលយកចិត្តទុកដាក់ទៅលេី សុខភាព អនាម័យ មានបន្ទប់ទឹកត្រឹមត្រូវ និងគិតគូរពីសុវត្ថិភាពរបស់ក្មេងស្រី ដែលត្រូវសិក្សារៀនសូត្រ និងរស់នៅបានយូរអង្វែងតទៅមុខទៀត។
ចំពោះការគិតគូរពីជំងឺរបស់ ពឹម សំណាង វិញ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អនុសាសន៍ឱ្យបញ្ជូនមកព្យាបាលបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ដេីម្បីជួបជាមួយវេជ្ជបណ្ឌិតជំនាញ ធ្វេីការរករោគវិនិច្ឆ័យ និងព្យាបាលឱ្យបានជាសះស្បេីយ។
ក្នុងឱកាសចុះសួរសុខទុក្ខនៅមន្ទីរពេទ្យ, លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញេីសួរសុខទុក្ខ និងគិតគូរពីជីវភាពរស់នៅ ព្រមទាំងបានជម្រាបជូនពីការសាងសង់ផ្ទះថ្មី ១ខ្នង រួមទាំងការគិតគូរពីសុខភាព បញ្ជូនមកពិនិត្យព្យាបាលភ្លាមៗ និងរ៉ាប់រងថ្លៃការចំណាយទាំងស្រុងលេីការព្យាបាលនេះផងដែរ។ លោកស្រី បានផ្តាំផ្ញេីលេីកទឹកចិត្តឱ្យថែទាំសុខភាពឱ្យបានល្អ អនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យ និងជូនពរឆាប់បានជាសះស្បេីយឡេីងវិញ។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកាចំនួន ៥លានរៀល ក្នុងអំឡុងពេលកំពុងសម្រាកព្យាបាលផងដែរ។ លោកស្រី ក៏បានថ្លែងអំណរគុណចំពោះម្តាយធំឪពុកធំរបស់កុមារទាំងពីរ ដែលបានផ្តល់ជម្រកស្នាក់នៅបណ្តោះអាសន្ន និងនៅមេីលថែទាំក្មួយក្នុងពេលកំពុងសម្រាលព្យាបាលជំងឺនេះផងដែរ។
ជាកិច្ចឆ្លេីយតប កុមារទាំង២នាក់បងប្អូន រំភេីបរីករាយឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ លេីកទឹកចិត្ត និងផ្តល់ការឧបត្ថម្ភដ៏ធំធេងក្នុងឆាកជីវិត ដែលរំពឹងថានឹងមានអនាគតភ្លឺស្វាងដូចកុមារដទៃទៀតដែរ។
សូមជម្រាបជូនថា ក្នុងឱកាសចុះពិនិត្យទីតាំងសាងសង់ផ្ទះនោះ កាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភជូនដល់ចាស់ៗដែលរស់នៅក្បែរខាងចំនួន ៣៤គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករសុខភាពចំនួន ២កញ្ចប់ផងដែរ៕