គណបក្សកម្លាំងជាតិ ចេញសេចក្តីថ្លែងការណ៍ចាត់ទុក វិធានការគណបក្សភ្លើងទៀន ក្នុងការបណ្តេញអ្នកតស៊ូជាមួយគណបក្សជា «ទង្វើផ្តាច់ការ»

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ គណបក្សកម្លាំងជាតិ ចេញសេចក្តីថ្លែងការណ៍ ចាត់ទុក វិធានការគណបក្សភ្លើងទៀន ក្នុងការបណ្តេញអ្នកតស៊ូជាមួយគណបក្សជា «ទង្វើផ្តាច់ការ»។

គណបក្ស កម្លាំងជាតិ បានចាត់ទុកគណបក្សភ្លើងទៀន ដែលជាគណបក្សដើមរបស់ថ្នាក់ដឹកនាំគណបក្ស កម្លាំងជាតិ គឺជាគណបក្សដែលមានគោលការណ៍ប្រជាធិបតេយ្យ សេរី រក្សាបាននូវជំហរដើម ស្មារតីដើម និងឧត្តមគតិដើម របស់អតីតស្ថាបនិកគណបក្សភ្លើងទៀន។ ប៉ុន្តែ ចុងក្រោយនេះគណបក្ស កម្លាំងជាតិ មើលឃើញថា ក្រុមមេដឹកនាំគណបក្ស ភ្លើងទៀនសព្វថ្ងៃ បានប្តូរជំហរផ្ទុយពីស្មារតីដើមរបស់អតីតស្ថាបនិកគណបក្សភ្លើងទៀន ដោយបានបោះបង់គោលការណ៍ ប្រជាធិបតេយ្យ សេរី ហើយចាប់យកជម្រើសផ្តាច់ការ បង្ខិតបង្ខំ គំរាមកំហែង ដែលទង្វើទាំងនេះបានលាតត្រដាងឱ្យមហាជន ទូទៅឃើញជាក់ស្តែង ដូចជា ការមិនគោរពឱ្យតម្លៃ និងការបណ្តេញចេញអ្នកតស៊ូ អ្នកលះបង់ អ្នកស្មោះត្រង់នៅតាមមូលដ្ឋាន ពិសេស ការប្រើអំណាចបង្ខំឱ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោត (អង្គបោះឆ្នោត) ដើម្បីទៅបោះឆ្នោតឱ្យគណបក្ស នយោបាយមួយ ដោយរំលោភលើសិទ្ធិសម្រេចចិត្តជាសម្ងាត់របស់អង្គបោះឆ្នោត និងបានបណ្តេញសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតចេញពីតួនាទីជាច្រើននាក់ នៅទូទាំងប្រទេស ខណៈដែលគណបក្សភ្លើងទៀន គ្មានឈ្មោះចូលរួមប្រកួត បោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

ទង្វើផ្តាច់ការជាក់ស្តែងមួយ ក្នុងចំណោមទង្វើផ្តាច់ការជាច្រើននៅទូទាំងប្រទេស ដែលអនុវត្តដោយក្រុមមេដឹកនាំ គណបក្សភ្លើងទៀន ទៅលើសកម្មជនតស៊ូ លះបង់ ស្មោះត្រង់ នៅឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ គឺ ការបណ្ដេញ ចេញពីតួនាទីសមាជិកក្រុមប្រឹក្សាឃុំជាប់ឆ្នោត ចំនួន ៥រូប កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ ឃុំសំបូរ មានអាសនៈក្រុម ប្រឹក្សាឃុំសរុបចំនួន១១ ហើយគណបក្សកាន់អំណាច ឈ្នះអាសនៈចំនួន៦ និងគណបក្សភ្លើងទៀន ឈ្នះអាសនៈចំនួន៥។

ទង្វើផ្តាច់ការរបស់ក្រុមមេដឹកនាំគណបក្សភ្លើងទៀននៅពេលនេះ គឺបានបង្កភាពអយុត្តិធម៌ និងការឈឺចាប់យ៉ាង ធ្ងន់ធ្ងរបំផុត ដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោត នៅទូទាំងប្រទេស ហើយគណបក្ស កម្លាំងជាតិ ត្រូវតែចេញមុខ ការពារយុត្តិធម៌ជូនអ្នកដែលកំពុងរងគ្រោះដោយទង្វើផ្តាច់ការនេះ និងជំរុញឱ្យក្រុមមេដឹកនាំគណបក្សភ្លើងទៀន ងាកមក អនុវត្តតាមគន្លងគោលការណ៍ប្រជាធិបតេយ្យ សេរីឡើងវិញ ស្របតាមស្មារតីដើមរបស់អតីតស្ថាបនិកគណបក្សភ្លើងទៀន។

គណបក្ស កម្លាំងជាតិ អំពាវនាវដល់ក្រសួងមហាផ្ទៃ សូមកុំទទួលចាត់ការនូវរាល់សំណុំឯកសារនៃការស្នើសុំ ផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលស្នើឡើងដោយក្រុមមេដឹកនាំគណបក្សភ្លើងទៀន ពីព្រោះជាទង្វើរំលោភច្បាប់ រំលោភសិទ្ធិមនុស្ស រំលោភសិទ្ធិនយោបាយ និងរំលោភសិទ្ធិពលរដ្ឋម្ចាស់ឆ្នោត ដែលបានបោះឆ្នោតជ្រើសរើសតំណាងនៅ ថ្នាក់មូលដ្ឋានឃុំ សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print