ពិធីការិនី ចាន់ កែវនិមល លេចធ្លោខ្លាំងជាមួយកម្មវិធីលំដាប់ពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ ត្រឹមតែរយៈពេលជាងពីរឆ្នាំចុងក្រោយនេះ ដែលពិធីការិនី ចាន់ កែវនិមល អាចទាក់ទាញបានការចាប់អារម្មណ៍ខ្ពស់ពីមហាជនក្រោយពីនាងក្តាប់បានតំណែងធំៗជាច្រើននៅក្នុងស្ថានីយទូរទស្សន៍ហង្សមាស។ កម្មវិធីលំដាប់អន្តរជាតិចំនួន៣ ដែលពិធីការិនីរូបនេះកំពុងក្តាប់បានក្នុងដៃ ហើយនាងនឹងក្លាយជាពិធីការិនីលេចធ្លោមួយក្នុងចំណោមពិធីការិនីលេចធ្លោនៅកម្ពុជា។

...

«មិនដែលធ្លាប់ស្រម៉ៃក្នុងការឈោងចាប់ការងារជាពិធីការិនីសោះកាលពីមុន ហើយអាចចាត់ទុកបានថា វាគឺជាការងារដែលចៃដន្យបំផុតសម្រាប់រូបខ្ញុំ» នេះគឺជាការលើកឡើងរបស់អ្នកនាង ចាន់ កែវនិមល បានលើកឡើង។ នាងបញ្ជាក់ថា បីឆ្នាំមុននាងគ្រាន់តែបម្រើការងារជាពិធីការិនីក្នុងកម្មវិធីផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុនមួយ ហើយនាងមានឱកាសតិចបំផុតក្នុងការធ្វើការងារនេះ។ នាងបន្តថា ដើមឡើយនាងគ្រាន់តែបម្រើការងារនេះជាការងារក្រៅម៉ោងពីការរៀនសូត្រដែលនាងចង់រកប្រាក់ចំណូលបន្ថែមប៉ុណ្ណោះ ប៉ុន្តែតាមរយៈការផ្តល់ឱកាសការងារពីស្ថានីយទូរទស្សន៍ហង្សមាសទើបនាងអាចអភិវឌ្ឍខ្លួនឯងបាន។ រហូតមកដល់ពេលនេះនាងមានកម្មវិធីធំៗសំដាប់អន្តរជាតិចំនួន៣ ក្នុងដៃគឺកម្មវិធី «Cambodian Idol» កម្មវិធី «The Voice Cambodia» និងកម្មវិធី «I am a Singer Cambodia» ក្រៅពីនេះនៅមានកម្មវិធីមួយចំនួនទៀត។

នាងបញ្ជាក់ថា «កុំថាឡើយដល់ការកាន់កម្មវិធីលំដាប់ពិភពលោក ឬក្លាយជាពិធីការិនីនោះ គឺខ្ញុំមិនដែលនឹកស្មានដល់ថា មានឱកាសដូចនេះ ហើយខ្ញុំក៏មិនមានសមាជិកក្រុមគ្រួសារសាច់ញាតិណាសោះដែលជាអ្នកសិល្បៈ»។ ពិធីការិនីវ័យជាង៣០ឆ្នាំរូបនេះបញ្ជាក់ថា អ្វីដែលនាងអាចឈានដល់ចំណុចនេះគឺនាងគិតថា នាងគឺជាគ្រូបង្រៀនម្នាក់ដែលពេលខ្លះពាំនាំពាក្យទៅប្រាប់ទស្សនិកជនដូចទៅនឹងការព្យាយាមពន្យល់ទៅកាន់សិស្សដូចច្នេះដែរ។ នាងបន្តថា ដោយការមមាញឹកនឹងការងារសិល្បៈជាច្រើនគឺនាងបានសម្រេចចិត្តព្យួរការងារជាគ្រួបង្រៀនផ្នែករចនាងប្លង់មួយរយៈសិន។

ចាន់ កែវនិមល លើកឡើងថា ការងារជាពិធីការិនីរបស់នាងទទួលបានការគាំទ្រច្រើនពីសំណាក់មហាជនដែលចាប់ពីវ័យកណ្តាលឡើងទៅព្រោះតែកម្មវិធីដែលនាងកាន់ និងរូបសម្រស់របស់នាងហាក់មិនមានភាពអំណោយផលសម្រាប់ក្រុមយុវវ័យ។ នាងទទួលស្គាល់ដែរថា រយៈពេលជាងបីឆ្នាំនៃការចូលប្រឡូកក្នុងការងារនេះគឺរយៈពេលខ្លី ហើយនាងក៏មិនមានពេលច្រើនសម្រាប់ឈោងចាប់ការងារច្រើនក្នុងពេលតែមួយដែរខណៈដែលនាងត្រូវការពេលវេលាបន្ថែមច្រើនដើម្បីពង្រឹងការងារនិងសិក្សាឲ្យបានកាន់តែច្រើន លើការងារនេះឲ្យកាន់តែប្រសើរឡើង។

នាងបន្តទៀតថា  ទោះបីជាទទួលបានជោគជ័យមួយផ្នែក ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមសម្រាប់នាងក្នុងការងារជាពិធីការិនីគឺពិតជាមានច្រើនអ្វីដែលជាបញ្ហាសំខាន់ដែលនាងត្រូវយកចិត្តទុកដាក់ជាមួយកម្មវិធីធំៗទាំងនេះគឺត្រូវព្យាយាមសិក្សាស្វែងយល់ពីគោលបំណងរបស់កម្មវិធីឲ្យបានច្បាស់លាស់ និងប្រយ័ត្នខ្លាំងជាទីបំផុតព្រោះតែជាកម្មវិធីធំលំដាប់អន្តរជាតិ និងជាកម្មវិធីដែលផ្សាយបន្តផ្ទាល់។

ពិធីការិនីកូនមួយរូបនេះលើកឡើងដែរថា ក្នុងការកាន់ការងារជាពិធីការិនីនេះដែរគឺនាងត្រូវសិក្សាលម្អិតលក្ខន្តិកៈរបស់កម្មវិធីដើម្បីពន្យល់ទៅសាធារណៈជន ហើយព្យាយាមធ្វើយ៉ាងណាដើម្បីជៀសវាងការរិះគន់ពីសំណាក់មហាជន៕

1 (6)

1 (3)

1 (2)

1 (1)

1 (4)

1 (5)

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print