ភ្នំពេញ៖ ប្រវត្តិស្នេហាលោក កែមឡី និងកញ្ញាពងទាស្ងោរនៅឆ្លូងថ្ងៃមួយកម្លោះ កែម ឡី មានបេសកកម្មធ្វើដំណើរតាមទូក ទៅខេត្តក្រចេះ។ ប៉ុន្តែមុននឹងទៅដល់ខេត្តក្រចេះ ទូកត្រូវចូលចតនៅស្រុកឆ្លូងសិន ដើម្បីដាក់អ្នកដំណើរ ដែលត្រូវចុះនៅស្រុកនេះ និងទទួលអ្នកដំណើរថ្មី ដែលត្រូវចេញពីឆ្លូងទៅក្រចេះ។ នេះ ក៏ជាឱកាសល្អមួយ សំរាប់អ្នកដំណើរបានស្រស់ស្រូបអាហារ ព្រោះទំរាំដល់ឆ្លូង ថ្ងៃត្រង់ល្មម។
គ្រាន់តែទូកចតដល់មាត់ច្រាំងភ្លាម អ្នកលក់បាយកញ្ចប់ នំនែក និងចំណីអាហារ ដែលងាយកាន់បរិភោគ នាំគ្នាសំរុកចុះទូក ប្រជែងគ្នាលក់ទំនិញរបស់ខ្លួន។ ថ្វីត្បិតតែកម្លោះ កែម ឡី ចង់ទិញបាយ ដើម្បីបំពេញការស្រេកឃ្លាន ពេញមួយព្រឹកទៅហើយក្តី លោកបែរជាទៅទាក់ចិត្ត នឹងអ្នកលក់ពងទាស្ងោរជាងគេ។ អ្នកលក់ពងទាស្ងោរនោះ មានទឹកមុខញញឹមញញែម ឬកពាររម្យទម។ នាងមានសំបុរស្រអែម សក់ស្លូតវែងប្រះស្មា។ នាងហាក់ទើបឈានចូល ដល់វ័យពេញរូបពេញរាងមួយ ដែលបង្ហាញនូវសម្រស់ ដ៏ត្រកាលពីធម្មជាតិរបស់នាង។ កម្លោះ កែម ឡី មិនអាចដកភ្នែកចេញ ពីសម្រស់ដ៏គ្មានពីរ របស់ក្រមុំលក់ពងទាស្ងោរនេះសោះឡើយ។
លោកក៏សំរេចចិត្ត ហៅអ្នកលក់ពងទាស្ងោរមកទិញ។ តែបើទិញហើយឲ្យលុយភ្លាម លោកនឹងបាត់ឱកាសបានគយគន់ និងជជែកស្វែងយល់ពីនាង។ លោកក៏ចាប់ផ្តើមរើសពងទាស្ងោរផង ជជែកពីនេះពីនោះផង។ ធ្វើដំណើរតែម្នាក់ឯងសោះ តែលោករើសពងទាស្ងោរ សឹងអស់ពីថាស។ រើសបានហើយ លោកក៏នៅមិនទាន់ឲ្យលុយនាងភ្លាមទេ លោកនៅសួរពីនេះពីនោះ។ នាងអៀនណាស់។ នាងមិនត្រូវការសំណួរអីច្រើនពេកទេ។ ទិញហើយ ឲ្យលុយមក ដើម្បីនាងបានទៅលក់ទៀត។ តែនាងរក្សាការគួរសមរហូត។
អ្នកដំណើរដែលត្រូវចុះនៅឆ្លូង ក៏ចុះអស់។ អ្នកឡើងថ្មី ក៏ឡើងមកបំពេញ។ អ្នកដំណើរដ៏ទៃទៀត ក៏បានទិញអាហារថ្ងៃត្រង់រៀងៗខ្លួន។ អ្នកលក់ទាំងឡាយ ចុះពីទូកវិញអស់ហើយ នៅឡើយតែនាងក្រមុំលក់ពងទាស្ងោរ កំពុងរង់ចាំទទួលលុយពីម៉ូយកម្លោះ ដែលហាក់ដូចជាកំពុងភ័ន្តភាំង មិនព្រមដកលុយចេញ រួចសងថ្លៃពងទានាងសោះ។
ដោយគិតថា អ្នកលក់ចុះអស់ពីទូកហើយ តៃកុងទូកក៏ចាប់ផ្តើមបើកចាកចេញ ពីច្រាំងទៅ។ ប្រឈមមុខនឹងស្ថានភាពនេះ ក្រមុំរូបស្រស់លែងនៅចង់បានលុយទៀតហើយ នាងក៏ប្រញាប់ប្រញាល់ស្ទុះសំដៅទ្វារចេញ រួចលោតចូលក្នុងទឹកប្រូង ហែលសំដៅទៅមាត់ច្រាំងវិញ ចោលថាសពងទា និងលុយដែលមិនទាន់ទារបាននៅឡើយ។
មកទល់ពេលនេះ ទើបកម្លោះ កែម ឡី ភ្ញាក់ខ្លួនហើយស្តាយក្រោយ ចំពោះការដែលលោកបានបន្ទច់បង្អាក់ដំណើរ នាងលក់ពងទា រហូតដល់នាងលោតចោលថាស និងលុយ។ លោកបន្តសំលឹងមើលនាងហែល រហូតដល់ច្រាំងឡើងគោកវិញ ទើបលោកដកភ្នែកបាន។ លោកបន្តដំណើរទៅខេត្តក្រចេះ ដោយនាំទាំងថាសពងទាស្ងោរ និងវិប្បដិសារីទៅជាមួយផង។ លោកបំពេញការងារលើកនេះ ទាំងចិត្តវិលវល់នឹកភ្នក ដល់នាងក្រមុំលក់ពងទាស្ងោរស្រុកឆ្លូង មិនភ្លេចមួយវិនាទីណាឡើយ។ ម៉្យាងគិតដល់កំហុស ដែលបានធ្វើអោយនាងខកខានមិនបានចុះចេញពីទូកទៅវិញបានត្រឹមត្រូវ ម៉្យាងស្តាយមិនបានសួរឈ្មោះ និងផ្ទះនាង ដើម្បីបានយកថាស និងលុយទៅសងនាងវិញ។
បួនប្រាំថ្ងៃក្រោយមក បន្ទាប់ពីកម្លោះអ្នកស្រាវជ្រាវបញ្ហាសង្គមនេះ បញ្ចប់ការងារនៅខេត្តក្រចេះ លោកក៏ធ្វើដំណើរតាមទូក ត្រលប់មកទៅភ្នំពេញ កាត់តាមឆ្លូងដដែល។ កម្លោះ កែម ឡី សង្ឃឹមថានេះជាឱកាសមួយ ដែលលោកបានជួបនាងលក់ពងទាស្ងោរម្តងទៀត ដើម្បីបានប្រគល់ថាស និងសងលុយនាងវិញ។
គ្រាន់តែទូកចតចូលច្រាំងភ្លាម លោកខំសម្លឹងរកនាង…។ អ្នកលក់ប្រញាប់ប្រញាល់ ប្រជែងគ្នាចុះទូក។ កម្លោះ កែម ឡី មិនចាប់អារម្មណ៍នឹងអ្នកណាទាំងអស់ ភ្នែកគាត់រំពៃរកមើល តែអ្នកលក់ពងទាស្ងោរ ដែលគាត់ជំពាក់ទាំងលុយ ជំពាក់ទាំងចិត្តតែប៉ុណ្ណោះ។ អ្នកលក់ចុះមកអស់ហើយ ម្តេចឡើយបាត់តែនាង មិនឃើញមកលក់នឹងគេ? តិចនាងអស់ចុងអស់ដើម ហើយរកទុនមកលក់លែងបាន? តិចលោនាង ត្រូវឪពុកម្តាយដាក់ទណ្ឌកម្ម ពីការលក់អស់ចុងអស់ដើម អស់ទាំងថាស ហើយលែងឲ្យមកលក់ទៀតទៅ? ដួងចិត្តរបស់លោក ច្របូកច្របល់ណាស់។ សួរអ្នកលក់ដ៏ទៃទៀត ក៏គេហាក់មិនចាប់អារម្មណ៍ នឹងសំណួររបស់លោកទេ។ ម្នាក់ៗគេគិតតែពីខំលក់ទំនិញ អាលឆាប់បានចេញពីទូកវិញ។ គ្មាននរណាម្នាក់ យល់ពីដួងចិត្តតក់ក្រហល់ របស់លោកសោះឡើយ។
អ្នកលក់ចេញពីទូកវិញ ម្តងមួយៗហើយ នៅតែរកនាងមិនឃើញនៅឡើយ។ ទូកបញ្ឆេះម៉ាស៊ីន រៀបបន្តដំណើរទៅភ្នំពេញវិញ។ លោកកែម ឡី ក៏មិនអាចចាកចេញពីទីនេះ ដោយមិនបានសងលុយ ថាស និងមិនបានសុំទោសនាងនោះដែរ។ទីបំផុត លោកសម្រេចចិត្តថា ត្រូវតែចុះនៅស្រុកឆ្លូងនេះសិន ដើម្បីស្វែងរកនាង។
លោកបានសាកសួរគេឯង ជាបន្តទៀត។ នៅពេលដែលស្ងប់ពីការរវល់លក់ហើយ ទើបអ្នកលក់ មានឱកាសស្តាប់សំណួរ របស់កម្លោះ កែម ឡី។ គេបានប្រាប់លោកថា នាងមិនមានអ្នកណាធ្វើបាបធ្វើកម្ម ឬក៏ខាតចុងខាតដើមអ្វីទេ។ ព្រឹកនេះនាងជាប់រៀន ទើបនាងខកខានមិនបានមកលក់។ បានឮដំណឹងនេះ កម្លោះ កែម ឡី ក៏ស្ងប់អារម្មណ៍ណាស់ដែរ។ លោកបានសួរដឹង ពីផ្ទះរបស់ម្ចាស់ថាស រួចក៏ស្កាត់ទៅជួបអាណាព្យាបាលនាង ប្រគល់ទាំងថាស និងប្រាក់សំណងដល់ម្តាយនាង។ ចាប់ពីពេលនោះមក លោកក៏នៅតែបន្តទំនាក់ទំនង រហូតដល់ចូលស្តីនាង ដណ្តឹងជាគូភរិយារហូតមក។
គូព្រេងមិនព្រាត់ ទោះបីភ្លាត់ដល់ណាក៏នៅតែជួបគ្នាដកស្រង់ចេញពីវេបសាយ មនោរម្យ៕
រូបភាព៖ អាពាហ៍ពិពាហ៍របស់គាត់និងភរិយា