រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាទទួលគ្រឿងឥស្សរិយយសខ្ពស់បំផុតពីប្រទេសបារាំង

ចែករំលែក៖

ក្នុងនាមលោកប្រធានាធិបតីនៃសាធារណរដ្ឋបារាំង  លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយស ឡា ឡេស្យុង ដោនើរ ថ្នាក់អស្សឫទ្ធិ ជូនឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៤។ ឡា ឡេស្យុង ដោនើរ គឺជាគ្រឿងឥស្សរិយយសដ៏ឧត្តុង្គឧត្តមជាងគេបំផុតរបស់ប្រទេសបារាំង ដែលត្រូវបានបង្កើតឡើងដោយព្រះចៅ ណាប៉ូឡេអុង បូណាប៉ាត កាលពីឆ្នាំ១៨០២គ្រឿងឥស្សរិយយសនេះអាចប្រគល់ជូនជនបរទេសដែលបានបំពេញការងារសម្រាប់ប្រទេសបារាំង ឬបានលើកស្ទួយបុព្វហេតុនានា ដែលប្រទេសបារាំងការពារ។

នៅក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសខាងលើមានការចូលរួមពីក្រុមគ្រួសាររបស់ឯកឧត្តមរដ្ឋមន្រ្តី និងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសហសេវិករបស់ឯកឧត្តម ដែលបម្រើការក្រសួងសុខាភិបាល។លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពីស្នាដៃរបស់ឯកឧត្តមរដ្ឋមន្រ្តី ដែលបានរួមចំណែកលើកម្ពស់ចំណងទាក់ទងដ៏ស្អិតរមួតរវាងប្រទេសបារាំង និងកម្ពុជាក្នុងវិស័យសុខាភិបាល   ជាពិសេសក្នុងវិស័យមន្ទីរពេទ្យ   តាមរយៈតួនាទីប្រកប​ដោយ​ការទទួលខុសត្រូវរបស់ឯកឧត្តមនៅមន្ទីរពេទ្យកាល់ម៉ែត។ ​​​     ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍​ មន្ទីរពេទ្យកាល់ម៉ែតត្រូវបានជ្រើសរើសជាមន្ទីរពេទ្យបង្អែកថ្នាក់ជាតិ ដើម្បីទទួលជំនួយពីប្រទេសបារាំងលើការកសាងប្រព័ន្ធមន្ទីរពេទ្យឡើងវិញឯកឧត្តម ឈាង រ៉ា បានបំពេញការងារនៅមន្ទីរពេទ្យកាល់ម៉ែតយៈពេលជាង២៥ឆ្នាំ ពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០២៣ ដំបូងក្នុងនាមជាអគ្គនាយករង និងបន្ទាប់មកជាអគ្គនាយក។

លោក ហ្សាក់ ប៉ឺឡេ បានគូសបញ្ជាក់ថា «៣០ឆ្នាំក្រោយមក គោលដៅរបស់យើងត្រូវបានសម្រេចយ៉ាងពេញលេញ ហើយឯកឧត្តម ឈាង រ៉ា គឺជាតួអង្គដ៏សំខាន់ម្នាក់នៃជោគជ័យនេះ ដោយសារកិច្ចខិតខំប្រឹងប្រែង និងការបំពេញការងារមិនចេះនឿយហត់ប្រកបដោយវិជ្ជាជីវៈរបស់ឯកឧត្តម»។ លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់ដែលកម្ពុជាសម្រេចបានក្នុងវិស័យសុខាភិបាលចាប់តាំងពីឆ្នាំ១៩៩៣ ដោយបានសង្កេតឃើញពីចំណេះដឹងជ្រៅជ្រះផ្នែកវេជ្ជសាស្រ្ត និងគ្រូពេទ្យប្រកបដោយបទពិសោធន៍ខ្ពស់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍បច្ចេកវិទ្យាទំនើបៗ

ក្នុងឱកាសនោះ ឯកឧត្តម ឈាង រ៉ា បានថ្លែងអំណរគុណដល់ប្រទេសបារាំង ដែលបានគាំទ្រយ៉ាងមោះមុត និង​ឥតងាករេដល់វិស័យសុខាភិបាលកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកផងដែរពីឥស្សរជនបារាំងជាច្រើនរូបដែល​បានប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំមកនេះ​ជួយឲ្យវិស័យសុខាភិបាលនៅកម្ពុជាមានការរីកចម្រើន ឯកឧត្តមបានមានប្រសាសន៍ថា ការរីកចម្រើនដែលសម្រេចបានគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួម ហើយវាក៏ជាមោទនភាពរួមផងដែរជាងនេះទៅទៀត ឯកឧត្តមសង្ឈឹមជឿជាក់លើការជួយជ្រោមជ្រែងពីអ្នកជំនាញបារាំង ដើម្បីបន្តកិច្ចសហប្រតិបត្តិការសុខាភិបាលមួយដោយ «រលូន និងទំនុកចិត្ត»។  

ប្រទេសបារាំងបានប្រឹងប្រែងយ៉ាងខ្លាំង ទាំងផ្នែកធនធានមនុស្ស បច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការពង្រឹងវិស័យសុខាភិបាលសាកល​ ​ដើម្បីឆ្លើយតបគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព។ បច្ចុប្បន្ននៅប្រទេសកម្ពុជា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសបារាំងស្តែងឡើងតាមរយៈការគាំទ្រដល់ការបណ្តុះបណ្តាលនិស្សិតពេទ្យ​ ដោយជាមធ្យមនិស្សិត៧០នាក់ចេញទៅប្រទេសបារាំងជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងជំនាញឯកទេសនៅតាមបណ្តាមន្ទីរពេទ្យបារាំង ក្រៅពីនេះ កិច្ចសហប្រតិបត្តិការត្រូវបានធ្វើឡើងក្នុងក្របខ័ណ្ឌភាពជាដៃគូរវាងសាកលវិទ្យាល័យបារាំង និងសាកលវិទ្យាល័យកម្ពុជា  និងតាមរយៈការដាក់អ្នកជំនាញបច្ចេកទេសអន្តរជាតិនៅតាមស្ថាប័នសុខាភិបាលសំខាន់ៗ។ ប្រទេសបារាំងក៏ចូលរួមយ៉ាងសកម្មផងដែរក្នុងការស្រាវជ្រាវផ្នែកសុខភាពសាធារណៈ ជាពិសេសតាមរយៈស្ថាប័នស្រាវជ្រាវបារាំង ក្នុងនោះមានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា(IPC) វិទ្យាស្ថានស្រាវជ្រាវសម្រាប់អភិវឌ្ឍន៍(IRD) ទីភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ ជំងឺថ្លើម និងជំងឺឆ្លងថ្មីៗ (ANRS/MIE) និងមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិស្រាវជ្រាវផ្នែកក្សេត្រសាស្រ្តសម្រាប់អភិវឌ្ឍន៍ (CIRAD)

ការិយាល័យព័ត៌មាននៃស្ថានទូតបារាំង

អគារលេខ មហាវិថីព្រះមុនីវង្ស ភ្នំពេញ   ទូរស័ព្ទ ០២៣ ២៦០ ០១០ អ៊ីមែល៖ [email protected]

https://kh.ambafrance.org / www.facebook.com/france.cambodge /https://twitter.com/FranceCambodge

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print