ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំកញ្ជរ ស្រុកកណ្ដៀង ច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់ The Cambodia Daily Khmer ដែលចោទថារដ្ឋមន្រ្តីក្រសួងរ៉ែ មានដីរាប់រយហិកតានៅតំបន់៣ ខណៈរដ្ឋមន្ត្រី ពុំមានដីនៅតំបន់៣ សូម្បីតែមួយមីលីម៉ែត្រ

ចែករំលែក៖

ខេត្តពោធិ៍សាត់  ៖ ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំកញ្ជរ ស្រុកកណ្ដៀង ច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់ The Cambodia Daily Khmer ដែលចោទថារដ្ឋមន្រ្តីក្រសួងរ៉ែ មានដីរាប់រយហិកតានៅតំបន់៣ ។ នេះបើយោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» នៅយប់ថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២៤។

រដ្ឋបាលស្រុកកណ្តៀង មានកិត្តិយស សូមធ្វើការបំភ្លឺជូនដល់ សាធារណជន អ្នកសារព័ត៌មាន និងពិសេសអ្នក ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មេត្តាជ្រាបថា៖ ថ្មីៗនេះ រដ្ឋបាលស្រុកកណ្តៀង ពិនិត្យឃើញថា នៅក្នុង គេហទំព័រ (Page) បណ្តាញសង្គម ឌីខាំបូរឌាដេលីខ្មែរ (The Cambodia Daily Khmer) បានចុះផ្សាយកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានចំណងជើងថា ពលរដ្ឋចោទរដ្ឋមន្ត្រីក្រសួងរ៉ែថា រំលោភកាន់កាប់ដី អភិរក្សបឹងទន្លេសាបក្នុងតំបន់៣ ជាច្រើនរយហិកតា។

រដ្ឋបាលស្រុកកណ្ដៀង សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុង នូវព័ត៌មាន និងការប្រឌិតព័ត៌មានដែល បានចោទថា៖ រដ្ឋមន្ត្រីថ្មីក្រសួងរ៉ែ និងថាមពល កំពុងរំលោភទន្ទ្រាន និងកាន់កាប់ដែនដីអភិរក្សបឹងទន្លេសាបក្នុងតំបន់៣ អស់រាប់ រយហិកតាសព្វថ្ងៃនេះ ដោយការឃុបខិតគ្នាជាមួយអាជ្ញាធរខេត្តជាប្រព័ន្ធ។ ផ្ទុយទៅវិញ អាជ្ញាធរស្រុក សូមធ្វើការធានាអះអាងថា ឯកឧត្តមរដ្ឋមន្ត្រី ពុំមានដីនៅតំបន់៣ សូម្បីតែមួយមីលីម៉ែត្រ។ ប្រជាជនក្នុងមូលដ្ឋានស្រុកកណ្តៀងទាំងមូល និងនិយាយ ដោយឡែកប្រជាជនក្នុងឃុំកញ្ជរ មានការគោរព ស្រឡាញ់ និងគាំទ្រយ៉ាងពេញទំហឹង នូវការអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលឯកឧត្តម ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀងនាពេលកន្លងមក។ ម៉្យាងទៀត ឯកឧត្តម តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សា អភិរក្សធនធានធម្មជាតិ ដោយពុំអនុញ្ញាតឱ្យជនខិលខូចណា ឆ្លៀតឱកាសក្នុងការរុករានទន្ទ្រានដីតំបន់៣ខុសច្បាប់ឡើយ និងគិតគូរពីសុខទុក្ខ លើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ព្រមទាំងការអភិវឌ្ឍមូលដ្ឋានលើគ្រប់វិស័យ។

រដ្ឋបាលស្រុកកណ្តៀង ស្នើដល់អង្គភាពជំនាញពាក់ព័ន្ធ បើកការស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរកមុខជនល្មើស រួមទាំងបក្ខពួក និងមេខ្លោង យកមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន ដើម្បីជៀសវាងការភ័ន្តច្រឡំ ដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលធ្វើឱ្យប៉ះពាល់លើការដឹកនាំ និងកិត្តិយស ដល់ថ្នាក់ដឹកនាំខេត្ត ពិសេសសេចក្ដីថ្លៃថ្នូររបស់ឯកឧត្តមរដ្ឋមន្ត្រី។ ទន្ទឹមនេះ សូមសាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម សូមកុំមានការយល់ច្រឡំ និងសូមអំពាវនាវ កុំចូលរួមចែករំលែកព័ត៌មានក្លែងក្លាយទាំងនេះ ដើម្បីជៀសវាងបង្កការលំបាកក្នុងការអនុវត្តភារកិច្ចស្រាវជ្រាវរបស់ជំនាញ និង អាចប្រឈមមុខចំពោះផ្លូវច្បាប់ ៕

ដោយ ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print