ភ្នំពេញ៖ សហព័ន្ធកីឡាសូហ្វតឺន្នីស កម្ពុជាគ្រោងបញ្ជូនអត្តពលិករបស់ខ្លួន១០នាក់ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Korean Cup 2016 នៅសាធារណរដ្ឋកូរ៉េ ។ នេះបើតាមការអះអាងរបស់លោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធ កីឡាសូហ្វតឺន្នីសកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនៅទីលានហ្វឹកហាត់កីឡាសូហ្វតឺន្នីសកម្ពុជាក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។
លោក ជា ប៊ុនហេង មានប្រសាសន៍ថា នេះគឺជាលើកទី៤ហើយដែលសហព័ន្ធ សូហ្វតឺន្នីសកម្ពុជាបានបញ្ជូនអត្តពលិក របស់ខ្លួនទៅចូលរួមប្រកួតនៅក្រៅប្រទេសចាប់តាំងពីសហព័ន្ធបានបង្កើតឡើង។ សម្រាប់ការប្រកួតលើកនេះគឺជាព្រឹត្តិការណ៍មួយដែលមានប្រទេសចូលរួមទាំងតំបន់អាស៊ីនិងអឺរ៉ុបប្រមាណជាង៣០ប្រទេស ឯណោះ ។
លោកអគ្គលេខាធិការបានបន្តទៀតថា ការប្រកួតមួយនេះលំបាកសង្ឃឹមថាអាចនាំយកមេដាយមកវិញខ្លាំងណាស់ ពីព្រោះកម្រិតប្រទេសចូលរួមប្រកួតសុទ្ធសឹងជាប្រទេសជើងខ្លាំងនៅក្នុងតំបន់អាស៊ីនិងអឺរ៉ុបដូច្នេះក្តីសង្ឈឹមនាំយកមេដាយមកជូនជាតិវិញមានត្រឹមតែ១ភាគរយប៉ុណ្ណោះ។ ប៉ុន្តែចាំបាច់ត្រូវតែទៅចូលរួមប្រកួតដើម្បីស្វែងរកពិន្ទុសម្រាប់ចូលរួមការប្រកួតកីឡា អូឡាំពិកឆ្នាំ២០២០ដែលធ្វើនៅប្រទេស ជប៉ុន ។
លោក ជា ប៊ុនហេង បញ្ជាក់ថា ការប្រកួតកីឡាសូហ្វតឺន្នីសនៅសាធារណរដ្ឋកូរ៉េនឹងប្រព្រឹត្តទៅចាប់ពីថៃ្ងទី២៤រហូតដល់ថៃ្ងទី២៨ខែសីហាឆ្នាំ២០១៦ក្នុងនោះអត្តពលិកកម្ពុជានឹងត្រូវចេញដំណើរទៅប្រទេសកូរ៉េនាថៃ្ងទី២២ ខែសីហា ឆ្នាំ២០១៦ ដើម្បី សម្រាកហ្វឹកហាត់និងបន្សុំាជាមួយអាកាសធាតុនៅទីនោះផងដែរ ៕
ដោយ៖ សារីម