បេក្ខភាពប្រធានាធិបតីអាមេរិកទាំងពីររូបគឺលោកស្រី ហ៊ីឡារីគ្លីនតុន និងលោក ដូណាល់ត្រាំ កាលពីថ្ងៃទី១២ ខែកក្កដា បានអំពាវនាវដល់ភាគីពាក់ព័ន្ធគោរពសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិ PCA ស្តីពីការប្តឹងរបស់ហ្វុីលីពីនទៅលើប្រទេសចិននៅដែនសមុទ្រចិនភាគខាងត្បូង។
លោកស្រី ហ៊ីលឡារីគ្លីនតុន បានឲ្យដឹងថា លោកស្រីបានអបអរសាទរដល់សេចក្តីសម្រេចរបស់ PCA ដែលបានច្រានចោលបន្ទាត់ផ្លូវ៩ កំណាត់របស់ចិន នៅសមុទ្រចិនភាគខាងត្បូង។ ទទឹមនិងនោះលោកស្រីក៏បានបញ្ចាក់ពីសារសំខាន់នៅដែនសមុទ្រចិនភាគខាងត្បូងចំពោះសេដ្ឋកិច្ចអាមេរិក។
ក្នុងពេលជាមួយគ្នានេះដែរ សាស្ត្រាចារ Peter Navarro មកពីសកលវិទ្យាល័យកាលីហ្វ័រនីញ៉ា ទីព្រឹក្សារបស់លោក ដូណាល់ត្រាំ ស្តីអំពីសេដ្ឋកិច្ចពាណិជ្ជកម្ម និងបញ្ហាប្រទេសចិនបានឲ្យដឹងថា ប្រទេសដែលពាក់ព័ន្ធនៅក្នុងវិវាទសមុទ្រចិនភាគខាងត្បូងត្រូវតែគោរពច្បាប់និងសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាល និងដោះស្រាយបញ្ហាដោយសន្តិវិធី។
ក្នុងថ្ងៃជាមួយគ្នានេះដែរ សមាជិកព្រឹទ្ធភាអាមេរិកលោក John Mc Cain បានអំពាវនាវដល់ភាគីពាក់ព័ន្ធគោរពសេចក្តីសម្រេចរបស់ PCA ។ ទទឹមនឹងនោះលោកក៏បានបញ្ចាក់ថា អាមេរិកនិងប្រឆាំងរាល់សកម្មភាពជាឯកតោភាគីរបស់ភាគីណាមួយក្នុងការផ្លាស់ប្តូរទម្រង់នៅសមុទ្រចិនភាគខាងត្បូងតាមរយៈការដាក់គំនៀបកម្រាមកំហែង ការប្រកាសជាឯកតោភាគីនិងការប្រើអំពើហឹង្សា៕
ប្រែសម្រួល៖ សាធី
ក្រៅពីនេះអឺរ៉ុបក៏បានអំពាវនាវឲ្យចិនគោរពតាមសេចក្តីសម្រេចរបស់តុលាការ អចិន្រ្តៃយ៍នៃអាជ្ញាកណ្តាលក្រុងឡាអេត្រូវបានធ្វើឡើងដោយលោកដូណាល់ ទូស្ក ប្រធានក្រុមប្រឹក្សាអឺរ៉ុបនៅក្នុងជំនួបកំពូលចិន អឺរ៉ុបរៀបចំក្នុងទីក្រុងប៉េកាំង។ លោកទូស្កបានស្នើចិនដែលជាមហាអំណាចសេដ្ឋកិច្ចទី២ ក្នុងលោកឲ្យចូលរួមជួយការពារសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើ មូលដ្ឋានច្បាប់។ ច្បាប់ និងបទបញ្ជាអន្តរជាតិដែលលោកទូស្កយល់ថា បាននាំផលចំណេញដល់មនុស្សលោកគ្រប់គ្នា។ ដោយមិនចោទចិនត្រង់ៗទាក់ទងនឹងការវាតទីរបស់ចិននៅក្នុងសមុទ្រ ចិនខាងត្បូង លោកប្រធានក្រុមប្រឹក្សាអឺរ៉ុបរូបនេះដដែលបានយល់ឃើញថា អឺរ៉ុប និងចិនមានផលប្រយោជន៍ និងមានកាតព្វកិច្ចរួមគ្នាក្នុងការការពារ និងការគោរពច្បាប់អន្តរជាតិ។
ជាការឆ្លើយតបវិញ លោកនាយករដ្ឋមន្រ្តីចិនលី ខឺជាំងដែលបានទទួលជួបលោកដូណាល់ ទូស្តបានប្រើភាសាទូតដោយគូសបញ្ជាក់ថា ជំនួបរវាងលោក និងលោកទូស្តជាសក្ខីកម្មមួយដែលបញ្ជាក់យ៉ាងច្បាស់ពីដៃគូយ៉ាង សំខាន់របស់មហាអំណាចទាំងពីរក្នុងការការពារសន្តិភាព និងការអភិវឌ្ឍន៍ពិភពលោក។ តែទន្ទឹមគ្នានេះ និងដើម្បីសំដែងការមិនសប្បាយចិត្តរបស់ខ្លួនចំពោះប្រតិកម្មរបស់ អឺរ៉ុបទាក់ទងនឹងសេចក្តីសម្រេចរបស់តុលាការក្រុងឡាអេដែលឲ្យ ហ្វីលីពីនឈ្នះចិន រដ្ឋាភិបាលក្រុងប៉េកាំងបានសម្រេចលប់ចោលកម្មវិធីសន្និសីទកាសែតរួម គ្នាជាមួយថ្នាក់ដឹកនាំអឺរ៉ុប។