ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះកាប៊ីនភ្លើង មួយកន្លែងក្នុងបរិវេណរោងចក្រទឹកដោះគោ បង្កឱ្យភ្ញាក់ផ្អើល ដល់កម្មកររាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង៦និង២៥នាទីព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរោងចក្រទឹកដោះគោ តាមផ្លូវបេតុង ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនពេលកេីតហេតុខណៈបងប្អូនកម្មកររៀបនឹងចូលធ្វើការ ស្រាប់តែកាប៊ីនភ្លើង ប ត 723 ស្ថិតនៅជាប់អគាររោងចក្រ ឆ្លងចរន្ត ឆេះខាងក្នុង ផ្សែងខ្មួលខ្មាញ់ ផ្អើល ទាំងកម្មករ អាជ្ញាធរ សមត្ថកិច្ច រាយការណ៍ទៅខាងអគ្គិសនី ដើម្បីផ្តាច់ចរន្ត ហើយប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់ភ្លើង ។ ជាមួយគ្នានោះផងដែរ រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង អង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន៣គ្រឿង រថយន្តស្នងការក្រុង១គ្រឿង បានចុះទៅដល់កន្លែងកេីតហេតុដេីម្បីត្រៀមទប់ស្កាត់ស្ថានការតែមិនបានបាញ់ទឹកទេ ។
ករណីអគ្គិភ័យខាងលើ មិនប៉ះពាល់ដល់រោងចក្រនោះទេ ពោលឆេះតែកាប៊ីនភ្លើង ក្រោយពីរលត់ ខាងរោងចក្រ មានម៉ាសុីនភ្លើងបញ្ឆេះ ដើម្បីបម្រើការងារដដែល កម្មករចូលធ្វើការងារជាធម្មតា ៕ដោយ៖សុខាសែនជ័យ