ខេត្តព្រះវិហារ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ មន្រ្ដីផ្នែករដ្ឋបាលព្រៃឈើ និង សង្កាត់រដ្ឋបាលព្រៃឈើរវៀងបានចាប់គោយន្តកន្ត្រៃ១គ្រឿង និងរថយន្ត៣គ្រឿង ដែលដឹកជញ្ជូនឈើអារចម្រុះប្រភេទ លេខ១ លេខ២ និងឈើអារប្រណីតធ្នង់ នៅលើដងផ្លូវជាតិលេខ៦២ ភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
មន្រ្ដីផ្នែករដ្ឋបាលព្រៃឈើបានឲ្យដឹងថា រថយន្តទី១ ម៉ាកតូយូ៉តាតាកូម៉ា ពាក់ស្លាកលេខ ភ្នំពេញ 2D-5279 ដឹកជញ្ជូនឈើអារប្រភេទលេខ១ (គគីរ) ចំនួន៣៩សន្លឹក ស្មើនឹង០,៧៤៨ម៉ែត្រ ត្រីគុណ។ រថយន្តទី២ ម៉ាកតូយូ៉តាកាមរី ពាក់ស្លាកលេខ បាត់ដំបង 2A-9479 ដឹកជញ្ជូនឈើអារប្រណីត (ធ្នង់) សមត្ថកិច្ចកំពុងវាស់វែង។ រថយន្តទី៣ ម៉ាកនីសាន់ ពាក់ស្លាកលេខ ព0480-ភព២ ដឹកជញ្ជូនឈើអារប្រណីត (ធ្នង់) សមត្ថកិច្ចកំពុងធ្វើវាស់វែង ។ ចំណែកគោយន្តកន្ត្រៃ១គ្រឿងដឹកឈើអារប្រភេទលេខ២ (ផ្តៀក) ចំនួន៧៦សន្លឹក ស្មើនឹង ៤,២៣៧ម៉ែត្រត្រីគុណ ។
បច្ចុប្បន្នរថយន្ត និងគោយន្តកន្តៃដឹក ឈើល្មើសទាំងអស់ត្រូវបានមន្រ្ដីផ្នែករដ្ឋ បាលព្រៃឈើរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ហេង នរិន្ទ្រ