ភ្នំពេញ៖ ភាពស្រស់ស្រាយ ភាពយន្តរីករាយ របស់តារាសម្តែងស្រីល្បីឈ្មោះកញ្ញា មាន សូនីតា គឺមានត្រឹមតែនៅលើកញ្ចក់ទូរទស្សន៍តែប៉ុណ្ណោះខណៈដែលតារាស្រីរូបនេះបាត់បង់សេចក្តីសុខ ពិសេសខ្វះភាពកក់ក្តៅពីឪពុកចាប់តាំងពីនាងដឹងក្តីមក។
សូនីតា បានសម្រក់ទឹកភ្នែកពេលដែលនាងរំលឹកអំពីការចង់មានឪពុកហៅ និងចង់មានមនោសញ្ចេតនាមួយស៊ីជម្រៅជាមួយឪពុកបើទោះបីជាឪពុកនាងនៅរស់រានមានជីវិតនៅឡើយក្តី។
នាងបានទម្លាយនូវរឿងរ៉ាវជីវិតដ៏ជូរចត់ដែលនាងជួបប្រទះក្នុងជីវិតជិត២០ឆ្នាំនោះគឺការបាត់បង់នូវភាពកក់ក្តៅពីក្រុមគ្រួសារពិសេសគឺលោកឪពុកដែលបានបែកបាក់គ្នាគ្រាដែលនាងទើបនឹងមានវ័យ៥ឆ្នាំ។
តារាស្រីវ័យ២៥ឆ្នាំរូបនេះបានរៀបរាប់រហូតដល់ស្រក់ទឹកភ្នែកគ្រាដែលនាងស្ទើតែមិនដឹងសោះអំពីអ្វីទៅដែលហៅថាជីវិតគ្រួសារ ពិសេសគឺមិនដឹងអំពីមនោសញ្ចេតនាឪពុកនិងកូន។ នាងលើកឡើងថា នាងបានចាកចេញពីទឹកដីកំណើតនៃខេត្តកំពង់ចាម ទៅរស់នៅលើទឹកដីនៃខេត្តសៀមរាប គ្រាដែលនាងមានអាយុ២ឆ្នាំមកម្ល៉េះ ហើយការរស់នៅទីនោះមិនបានប៉ុន្មានឆ្នាំផងឪពុកម្តាយនាងចែកផ្លូវគ្នា ខណៈម្តាយនាងត្រូវបម្រើការងារជាមន្ត្រីអង្គការត្រូវចេញទៅធ្វើការពីខេត្តមួយទៅខេត្តមួយ ហើយឪពុកនាងក៏ទៅរកស៊ីខេត្តផ្សេងបាត់ ដែលធ្វើឲ្យនាងត្រូវសម្រេចចិត្តទៅរស់នៅជាមួយសាច់ញាតិនៅខេត្តកំពង់ចាមវិញ ព្រោះមិនចង់ផ្លាស់ទីទៅតាមម្តាយពីខេត្តមួយទៅខេត្តមួយ មិនបានសិក្សារៀនសូត្រជាប់លាប់ ហើយចាប់ពីពេលនោះដែរ ដែលនាងខកខានបានជួបមុខឪពុក។
កញ្ញា មាន សូនីតា លើកឡើងបន្តថា «ខ្ញុំបែកពីឪពុកជិត២០ឆ្នាំហើយ រហូតដល់ពេលជួបគ្នាខ្ញុំគិតថា គាត់ដូចមនុស្សប្រុសធម្មតាម្នាក់ ដូមមនុស្សប្រុសទូទៅដែរ គឺគ្មានអ្វីដែលជាមនោសញ្ចេតនាឪពុកនិងកូននោះ»។
ឯកអគ្គរាជទូតសុឆន្ទៈនៃគម្រោងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សរូបនេះបន្តថា នាងចង់មានឪពុកម្តាយរស់ជុំគ្នាចង់ឱបឪពុក និងមានឪពុកហៅដូចគេ ប៉ុន្តែវាបានត្រឹមតែជាក្តីស្រម៉ៃហើយមានបញ្ហាប្រឈមក្នុងជីវិតជាច្រើនទៀតសម្រាប់នាងដែលរស់នៅខ្វះភាពកក់ក្តៅពីក្រុមគ្រួសារ។ អ្វីដែលនាងចង់ប្រាប់អ្នកគ្រប់គ្នាឲ្យដឹងនៅទៅពេលនេះគឺ «ចង់បង្ហាញពីបទពិសោធន៍ជីវិត និងបង្ហាញពីទុក្ខលំបាកដែលកើតមានក្នុងជីវិតរបស់នាង» ហើយនេះក៏ជាសារទៅកាន់ឪពុកម្តាយ ដែលមុននឹងសម្រេចចិត្តចែកផ្លូវគ្នាគួរគិតពីអារម្មណ៍កូនដែលខ្វះភាពកក់ក្តៅពិបាកនឹងពណ៌នា។ទោះជាយ៉ាងណាពេលនេះនាងបាននឹងកំពុងរស់នៅជាមួយម្តាយនៅរាជធានីភ្នំពេញ ប៉ុន្តែសម្រាប់ជាតិនេះនាងគ្មានវាសនានឹងរស់នៅមានឪពុកហៅដូចក្មេងដទៃឡើយ។
តារាស្រីដែលគេឲ្យរហ័សនាមថា «រាជនីក្រមា» រូបនេះបានបញ្ជាក់ថា ការលែងលះរបស់ឪពុកម្តាយពិតជាប៉ះទង្គិចដល់អារម្មណ៍ផ្លូវចិត្តរបស់កូន ហើយការផ្លាស់ប្តូរទីលំនៅពីមួយកន្លែងទៅមួយកន្លែង ពីប្រទេសមួយទៅប្រទេសមួយគឺនឹងនាំមកនូវការលំបាកខ្លាំងរបស់កូនៗដែលពួកគេត្រូវការមិត្តភ័ក្កិ ការសិក្សារៀនសូត្រមួយដែលជាប់លាប់។ នាងរំពឹងដែរថា តាមរយៈសារនេះឪពុកម្តាយនឹងពិចារណាបានវែងឆ្ងាយដោយគិតពីសុភមង្គល សេចក្តីសុខរបស់កូនៗឲ្យបានច្បាស់មុនពេលចំណាកស្រុក ឈ្លោះប្រកែកគ្នា និងឈានទៅដល់ការលែងលះនោះ៕
ដោយ៖ វឌ្ឍនា