ភ្នំពេញ៖ «រាត្រីទំនាក់ទំនងជាមួយក្រសួងពាណិជ្ជកម្ម» ជាព្រឹត្តិការណ៍មួយដែលរួមសហការរវាងក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មអាមេរិក (AmCham) ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីពាណិជ្ជកម្ម ដែលដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្មមួយក្រុមរួមមានអគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន ទៅចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីធ្វើការទំនាក់ទំនងជាមួយពាណិជ្ជករ ប្រមាណមួយរយនាក់។
គោលដៅចំបងក្នុងការរៀបចំព្រឹត្តការណ៍នេះឡើង គឺបង្កើតការទំនាក់ទំនងរវាងក្រសួងពាណិជ្ជកម្មជាមួយនឹងពាណិជ្ជករ ដើម្បីជំរុញដល់សកម្មភាពពាណិជ្ជកម្មក្នុងស្រុក។
លោក រដ្ឋមន្ត្រីបានជម្រាបជូនអ្នកចូលរួមទាំងអស់ អំពីសកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការគាំទ្រយ៉ាងពេញទំហឹងលើការអភិវឌ្ឍវិស័យឯកជន។ លោក មានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មបានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តកម្មមួយចំនួន ដើម្បីសម្រួលដល់ការប្រកបធុរកិច្ច។
ការប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មកន្លងមកបានចេញជាផ្លែផ្កា ដោយលេខរៀងរបស់ប្រទេសកម្ពុជា ក្នុងចំណាត់ថ្នាក់នៃភាពងាយស្រួលក្នុងការប្រកបធុរកិច្ច (Ease of Doing Business) របស់ធនាគារពិភពលោក បានកើនឡើងចំនួន ៦ចំណាត់ថ្នាក់ ពីលេខ ១៣៣ ក្នុងឆ្នាំ២០១៤ មកឈរនៅលេខ ១២៧ ក្នុងឆ្នាំ២០១៥។
ចំពោះចំណាត់ថ្នាក់ក្នុងការដឹកជញ្ជូនវិញ (Logistic Performance Index) កម្ពុជាក៏បានលោតចំនួន ១០ ចំណាត់ថ្នាក់មកឈរនៅលេខទី ៧៣ ក្នុងឆ្នាំ២០១៥ ក្នុងចំណោមប្រទេស១៦៧ ដែលមានការចុះចំណាត់ថ្នាក់នៅក្នុងរបាយការណ៍នេះ៕
ដោយ៖ សីលា