ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវនៅថ្ងៃនេះគឺជាសមិទ្ធិផលសរុបរបស់ប្រជាពលរដ្ឋ និងសម្រាប់ជាតិយើងជាពិសេស ដែលមានធនធានមនុស្សជាង ៥០០០ នាក់បានបញ្ចប់ការសិក្សា និងឈានដល់ការកសាងគុណវុឌ្ឍិមួយជំហានថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ មោទកភាពរបស់ប្រទេសជាតិនីមួយៗគឺអាស្រ័យទៅលើប្រជាពលរដ្ឋដែលមានភាពរឹងមាំ ដែលការអប់រំ គឺដើម្បីបច្ចុប្បន្ននិងទៅអនាគត ពោលគឺការកសាងសមត្ថភាពបច្ចុប្បន្ន ដើម្បីកសាងសមិទ្ធិផលថែមសម្រាប់អនាគត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង» នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ការអប់រំ គឺដើម្បីបច្ចុប្បន្ន និងទៅអនាគតហើយការកសាងធនធានមនុស្ស ក៏ជាកសាងនៅពេលបច្ចុប្បន្ន សម្រាប់ការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ នាថ្ងៃអនាគតផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការធ្វើបដិវឌ្ឍកម្មឌីជីថល។ ជាមួយគ្នានេះ គ្រឹះស្ថានឧត្តមសិក្សាក៏ជាផ្នែកមួយសំខាន់ នៅក្នុងការចូលរួមកសាងធនធានមនុស្សដែលមានសុខភាពល្អ និងមានសមត្ថភាពខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិក្នុងយុគសម័យថ្មីនេះផងដែរ ៕