ភ្នំពេញ ៖ គិតពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងសរុបចំនួន៤២៧ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធបានចំនួន៩១២នាក់ ស្រី៤០៤នាក់។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
លោក ទូច សុឃៈ (សុខៈ) បន្តថា ៖ សមត្ថកិច្ចនគរបាល បានអនុវត្តវិធានការច្បាប់ ពោលគឺ កសាងសំណុំរឿងចំនួន៥៨ករណី ដែលមានជនសង្ស័យចំនួន២៣៧នាក់ ស្រី៦៣នាក់ ភ្ជាប់ជាមួយម៉ូតូ២៤២គ្រឿង ទូរស័ព្ទ១០៩គ្រឿង និងវត្ថុតាងផ្សេងៗទៀត បញ្ជូនទៅកាន់តុលាការចាត់នីតិវិធីចោទប្រកាន់ផ្ដន្ទាទោស។ អ្នកនាំពាក្យរងរូបនេះ បញ្ជាក់ថា ក្រៅពីនេះ ចំនួន៣៦៩ករណី ដែលមានអ្នកពាក់ព័ន្ធចំនួន៦៧៥នាក់ ស្រី៣៤១នាក់ នគរបាលក្រសួងមហាផ្ទៃ បានចាត់វិធានការរដ្ឋបាល ពោលគឺ អប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មមិនឱ្យប្រព្រឹត្តតទៅទៀត។
លោក ទូច សុឃៈ (សុខៈ) លើកឡើងថា ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គឺការទិសដៅអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦(បញ្ហាគ្រឿងញៀន ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង ការជួញដូរមនុស្ស និងបញ្ហានានាតាមបន្ទាត់ព្រំដែនទាំងគោកនិងទឹក) ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំបញ្ជាឱ្យសមត្ថកិច្ចយកចិត្តទុកដាក់អនុវត្ត ចាប់ពីដើមនីតិកាលទី៧ នៃរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។
អនុវត្តតាមច្បាប់ និងឈរលើមូលដ្ឋាននៃគោលការណ៍ដឹកនាំខាងលើនេះ អាជ្ញាធរដែនដីថ្នាក់ក្រោមជាតិ សមត្ថកិច្ចនគរបាល ទាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ទូទាំងប្រទេស បានបន្តយកចិត្តទុកដាក់អនុវត្តបង្ក្រាបយ៉ាងសកម្ម រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសបានអនុវត្តតាមគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព៕