ខេត្តព្រះវិហារ ៖ នៅថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់ឱ្យដឹងថា ៖ បន្ទាប់ពីទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមានការបញ្ជាដោយផ្ទាល់របស់ លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ កម្លាំងកងរាជអាវុធហត្ថខេត្ត បានធ្វើប្រតិបត្តិការ ធ្វើការត្រួតពិនិត្យទីតាំងលេងល្បែងសុីសងតាមប្រព័ន្ធអនឡាញ( ឡូតូ) គ្រប់ប្រភេទ ទាំង០៨ក្រុង ស្រុក សរុបមានចំនួន៣៧ ទីតាំង (មានអាជ្ញាប័ណ្ណ) កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថបានធ្វេីការណែនាំ ធ្វើកិច្ចសន្យាឲ្យបិទទីតាំងបញ្ឈប់ការលេងបន្តទៀត។ ក្នុងនោះក្រុងព្រះវិហារ : ០៣ទីតាំង ស្រុកត្បែងមានជ័យ ០២ទីតាំង ស្រុកឆែប ០៤ទីតាំង ស្រុកជ័យសែន១១ទីតាំង
ស្រុករវៀង ០២ទីតាំង ស្រុកសង្គមថ្មី ០២ទីតាំង ស្រុកគូលែន :មានចំនួន០៦ទីតាំង និងស្រុកជាំក្សាន្ត ចំនួន០៧ទីតាំង។
សូមបញ្ជាក់ថា កាលពីរសៀលម្សិលមុិញ Breaking news ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញបញ្ជាជាបន្ទាន់ ឱ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ក្នុងករណីមានបន្តបើកថ្មីទៀត សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនសម្តេច”
សារសំឡេងពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “ចេញបញ្ជាឱ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ក្នុងករណីមានបន្តបើកថ្មីទៀត សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនសម្តេច” នារាជធានីភ្នំពេញរសៀលថ្ងៃពុធ ១៤ កុម្ភៈ ឆ្នាំ២០២៤នេះ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ៖ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានីខេត្ត ប៉ុន្មានបីសប្តាហ៍មុន ខ្ញុំបានចេញបទបញ្ជាឲ្យផ្អាករាល់ការ ចេញអាជ្ញាប័ណ្ណ និងការផ្ដល់សិទ្ធិក្នុងការបើកទីតាំង ល្បែងផ្សងសំណាង បន្ថែមនៅតាមមូលដ្ឋាន ។
សម្ដេចមានប្រសាសន៍ទៀតថា ៖ ខ្ញុំបានឲ្យគណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ចំណុះឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ ជាមួយសមត្ថកិច្ច អាជ្ញាធរ និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យឡើងវិញ និងរៀបចំឡើងវិញ នូវគោលការណ៍ និងវិធានការ ពិនិត្យលើល្បែងផ្សងសំណាងនានានៅក្នុងទូទាំងប្រទេស ។
សម្តេចធិបតី បន្តថា ៖ ខ្ញុំសូមឲ្យឯកឧត្តមលោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានីខេត្ត ចាត់វិធានការអាជាបន្ទាន់ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាង នៅតាមមូលដ្ឋាននីដែនសមត្ថកិច្ច ខេត្តរបស់ខ្លួន។ សម្ដេចធិបតីបន្តថា , ក្នុងករណីនៅមានបើកបន្តថ្មីថែមទៀត សូមចាត់វិធានការពិតជាបន្ទាន់ ហើយរាយការណ៍ត្រង់មកខ្ញុំ ដើម្បីចាត់វិធានការដែលអាចឈាន ទៅដល់ការដកអាជ្ញាប័ណ្ណនៅក្នុង ខេត្តឬក្នុងទូទាំងប្រទេសតែម្ដង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា ៖ ពេលវេលានេះ នឹងបន្តទៅមុខ គឺជាពេលវេលា ដែលត្រូវចូលរួមទាំងអស់គ្នា អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការកសាង ពីសមិទ្ធផលវិជ្ជមាន ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវថ្នល់ ភ្លើងប្រឡាយទឹក ពង្រាយមន្ត្រីកសិកម្ម តាមមូលដ្ឋាន បង្កើតរោងចក្រ សហគ្រាស នៅតាមមូលដ្ឋានដើម្បីជួយ ការងារនិងបង្កើនចំណូល ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មិនមែនជាពេលវេលាដែលត្រូវយកចិត្តទុកដាក់ ក្នុងការពង្រាយទីតាំង ល្បែងនោះទេ ! ទោះបីជាមានច្បាប់អនុញ្ញាតក៏ដោយ សូមឯកឧត្តម លោកជំទាវអនុវត្តឱ្យបាន មឺងម៉ាត់និងម៉ត់ចត់ ហ្នឹងត្រឹមត្រូវតាមបទបញ្ជារបស់ខ្ញុំ ៕