ខេត្តតាកែវ ៖ ជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីជួញដូ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មេីសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ធ្វេីការបង្ក្រាបនិងចាប់ឃាត់ខ្លួន ជាបន្តបន្ទាប់នៅចំណុច០២ទីតាំងផ្សេងគ្នា ។ នេះបេីយោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងនាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ក្នុងប្រតិបត្តិការនេះ ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងដឹកនាំដោយលោក វរសេនីយ៍ឯក ចុល ចេក ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបចំនួន០១ករណី០២ទីតាំងរួមមាន ៖
ទីតាំទី០១ : នៅចំណុចភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ សែម និមិត្ត ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ(ជួញដូរ-ប្រើប្រាស់)
ទីតាំទី០២: នៅចំណុចភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានធ្វើការ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះកែវ ភារ៉ូ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ(ជួញដូរ-ប្រើប្រាស់)និងដកហូតវត្ថុតាងនៅនឹងខ្លួន
ជនសង្ស័យបានរួមមាន៖ម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់,ទូរស័ព្ទចំនួន០៣គ្រឿងម៉ាកសាំសុង-អិនចុច ពិល-OPPO រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ