ខេត្តកំពង់ឆ្នាំង ÷ ផ្ទះពីរខ្នងត្រូវបានអគ្គិភ័យ ឆេះខ្ទេចគ្មានសល់ បន្ទាប់ពី ភ្លើងឆេះរាលព្រៃ ឆេះរាលមកដល់ផ្ទះខណ:ដែម្ចាស់ផ្ទះ បានចេញទៅហូបការបាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និ១៥នាទីនៅរសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឱ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះ ម្ចាស់ទី១ឈ្មោះ ឌូ ឱ ភេទប្រុស អាយុ ៨៦ឆ្នាំ មានទីលំនៅភូមិនាងមាលា ឃុំត្បែងខ្ពស់ ។ ឆេះផ្ទះទំហំ៥មx៦ម ប្រក់ស្លឹក ជញ្ជាំងស័ង្កសី , ជង្រុកស្រូវ១ខ្នង ២មx៣ម , ស្រូវ ៣តោន , គោយន្ត ១គ្រឿង , កង់ ១គ្រឿង , ថវិកា ៣០០ដុល្លារ និងឯកសារមួយចំនួន។ ដោយឡែកម្ចាស់ផ្ទះទី២ឈ្មោះ ហេង សឿន ភេទស្រី អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិថ្មីខ្មែរ ឃុំត្បែងខ្ពស់ សម្ភារៈខូចខាត ផ្ទះ ១ខ្នង ៤មx៦ម ប្រក់ហ្វីប្រូស៊ីម៉ងត៍ ជញ្ជាំងស្លឹក , ស្រូវ ២៣បេ និងឯកសារមួយចំនួន។
សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះទាំងពីរនាក់ បានចេញទៅហូបការបាត់ នៅពេលចេញទៅបាត់ មិនដឹងភ្លើងឆេះព្រៃពីពេលណានោះទេ បានឆេះរាលមកផ្ទះពួកគាត់ទាំងពីរខ្នងខ្ទេចគ្មានសល់ ពេលម្ចាស់មកដល់ឃើញផ្ទះឆេះអស់រលីង ផ្ទះទាំង០២ខ្នងដែលឆេះនោះនៅក្នុងព្រៃដាច់ស្រយាលពីអ្នកភូមិចម្ងាយេជាង៧គីឡូម៉ែត្រ ទើបពេលឆេះនោះពុំមានអ្នកណាដឹង ។ ក្រោយពេលឃើញផ្ទះត្រូវឆេះអស់ ម្ចាស់ផ្ទះសែនស្លុតចិត្តព្រោះទ្រព្យសម្បត្តិនៅក្នុងផ្ទះត្រូវភ្លើងឆេះទាំងអស់គ្មានសល់អ្វីនោះឡើយ ៕ ចន្ថា