ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំចាស់ផ្លាស់ លើកទិសដៅឆ្នាំថ្មី របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កាលពីឆ្នាំ២០២៣ កន្លងទៅនេះ ទោះបីជាព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានានៅក្នុងតំបន់បានបន្តនូវកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់យ៉ាងណាក្តី ក៏ស្ថានភាពគ្រឿងញៀនទាំងក្នុងក្របខ័ណ្ឌអន្តរជាតិ និងតំបន់នៅតែមានការកើនឡើង មានការវិវឌ្ឍប្រែប្រួលក្នុងសភាពស្មុគស្មាញ និងបង្កជាគ្រោះថ្នាក់គួរឱ្យព្រួយបារម្ភថែមទៀតផង។
សម្តេចធិបតី ថ្លែងបន្តថា ស្ថានភាពនៃការប្រើប្រាស់គ្រឿងញៀនក្នុងប្រទេសបាន និងកំពុងរីករាលដាលពីទីក្រុង ពីទីប្រជុំជន ទៅដល់តំបន់ជនបទមួយចំនួន ហើយអ្នកប្រើប្រាស់ និងអ្នកញៀន គ្រឿងញៀនកាន់តែមានការកើនឡើងគួរឱ្យព្រួយបារម្ភ។
សម្តេចធិបតី បានថ្លែងបញ្ជាក់ថា ក្រុមឧក្រិដ្ឋជនបានធ្វើការផ្លាស់ប្តូររូបភាព កលល្បិច និងវិធីសាស្ត្រថ្មីនៅក្នុងការលួចលាក់ការកែច្នៃផលិតផលគ្រឿងញៀនខុសច្បាប់ ធ្វើឱ្យបរិមាណគ្រឿងញៀនគ្រប់ប្រភេទដែលសមត្ថកិច្ចបង្ក្រាបបានមានការកើនឡើងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ទាំងក្នុងក្របខ័ណ្ឌអន្តរជាតិ ថ្នាក់តំបន់ រួមទាំងប្រទេសកម្ពុជាយើងផងដែរ។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤នេះ កម្ពុជានៅតែបន្តរងការប៉ះពាល់ពីបញ្ហាគ្រឿងញៀនខុសច្បាប់ ដោយសារការលបលួចធ្វើសកម្មភាពនៅក្រោមរូបភាពផ្សេងៗជាអាទិ៍៖ ការធ្វើចរាចរណ៍គ្រឿងញៀនឆ្លងកាត់ទាំងតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតាមបញ្ញើប្រៃសណីយ៍។
ជាមួយគ្នានេះ ការរក្សាទុក ការកែច្នៃ ការផលិត និងការជួញដូរគ្រឿងញៀននៅក្នុងប្រទេសកំពុងបន្តកើនឡើងជាហូរហែ។ ជាក់ស្តែងសារធាតុគីមីគេអាចផ្សំផលិតជាគ្រឿងញៀនជាច្រើនរយតោន រួមទាំងឧបករណ៍ សម្ភារកែច្នៃផលិត និងវេចខ្ចប់មួយចំនួនធំត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញ បង្ក្រាប និងរឹបអូសបានជាបន្តបន្ទាប់។
បើតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ អាជ្ញាធរបានបង្រ្កាបបទល្មើសគ្រឿងញៀនសរុបចំនួន ៨ ០៦៣ ករណី, ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២០ ០០២ នាក់, ចាប់បានគ្រឿងញៀនជិត ៣តោន, រឹបអូសសារធាតុគីមីផ្សំបានជាង ១តោន, ដុតកម្ទេច និងបន្សាបគ្រឿងញៀន និងសារធាតុពាក់ព័ន្ធជាង ៣៤៧តោន និង ១ ២០៧ គ្រាប់៕