នៅពេលនេះកូរ៉េខាងជើងបានប្រើប្រាសអាវុធគឺទំបន់ទឹកសម្រាប់គំរាមកំហែងដល់កូរ៉េខាងត្បូងនៅពេលមានហេតុការប្រឈមមុខតានតឹងដាក់គ្នាកើតឡើងម្តងៗ ដោយកូរ៉េខាងជើង បានបើកទំនប់បង្ហូរទឹកទៅកាន់កូរ៉េខាងត្បូងធ្វើឲ្យរដ្ឋាភិបាលទីក្រុងសេអ៊ូល ព្រួយបារម្ភយ៉ាងខ្លាំងដោយបានជម្លៀសពលរដ្ឋមួយចំនួនទៅកាន់តំបន់មានសុវត្ថិភាពគេចពីទឹកជំនន់ផងដែរ។
មន្ត្រីកូរ៉េខាងត្បូងម្នាក់បានឲ្យដឹងថា កូរ៉េខាងជើងបានបើកទំនប់ទឹក Hwanggang ដោយលែងទឹកឲ្យហូរសន្សឹមៗ ។ ការបើកទំនប់ទឹកនោះភាគីកូរ៉េខាងជើងមិនបានផ្តល់ដំណឹងឲ្យរដ្ឋាភិបាលទីក្រុងសេអ៊ូល បានដឹងជាមុនឡើយ បើទោះបីប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងរួចហើយក៏ដោយ។
ដោយសារតែទឹកនៅក្នុងទំនប់ Hwanggang ហូរចូលដងទន្លេ Imjin ធ្វើឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ប្រកាសអាសន្នតាមកញ្ចក់ទូរទស្សន៍ និងប្រព័ន្ធទូរស័ព្ទដើម្បីឲ្យប្រជាជនភៀសខ្លួនបានទាន់ពេលវេលា។
រដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានចាត់ទុកថា នេះជាសកម្មភាពវាយប្រហាររបស់កូរ៉េខាងជើង តាមរយៈទឹកជំនន់ ក្រោយពេលទឹកនៅខាងលើទំនប់កើនខ្ពស់ដោយសារតែភ្លៀងធ្លាក់ខ្លាំង។ ទំនប់ទឹកខាងលើមានចម្ងាយពីព្រំដែន ៤២គីឡូម៉ែត្រ ដែលអាចផ្ទុកទឹកបានរហូតដល់ទៅ ៣០០-៤០០លានម៉ែត្រគូប។
កាលពីឆ្នាំ២០០៩ ពលរដ្ឋកូរ៉េខាងជើង ៦នាក់បានស្លាប់ដោយសារតែការបើកទំនប់ទឹកដោយមិនផ្តល់ដំណឹងជាមុន ដោយបំពានកិច្ចព្រមព្រៀង ។ ក្រោយមានហេតុការណ៍នោះកើតឡើង ទីក្រុងព្យុងយ៉ាង បានយល់ព្រមថានឹងផ្តល់ដំណឹងជាមុនប្រសិនបើបើកទំនប់ទឹក៕
ប្រែសម្រួល៖ ម៉ែវ សាធី