ភ្នំពេញ÷ ប្រទេសចិនបានអនុម័តឱ្យកម្ពុជានាំចូលផ្លែដូងស្រស់ទៅកាន់ទីផ្សារខ្លួនហើយ ដែលនេះនាំឱ្យផ្លែដូងស្រស់ក្លាយជាផលិត ផលកសិកម្មអាទិភាពទី៤ ត្រូវបាននាំចូលទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីផ្លែចេក,មៀន និងស្វាយ។
អគ្គរដ្ឋបាលគយចិន បានអនុម័តឱ្យប្រទេសកម្ពុជាអាចនាំចូលផ្លែដូងស្រស់នៅកាន់ទីផ្សារខ្លួនជាផ្លូវការហើយ។នេះបើតាមស្ថានទូតចិនប្រចាំនៅកម្ពុជាផ្សាយនៅលើគណនី WeChat ផ្លូវការរបស់ខ្លួន នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤ ។
គួររំលឹកថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង អគ្គរដ្ឋបាលគយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខ ខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំ ចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។
លោក ប៊ុត គឹមឆាយ ម្ចាស់ចម្ការដូងក្រអូប ស្ថិតនៅខេត្ត ព្រះសីហនុ និង ស្រុកស្រែអំបិល ខេត្តកោះកុង និយាយថា នេះជាដំណឹងដ៏រីករាយសម្រាប់ប្រជាកសិករដាំដុះដំណាំដូង ហើយជាឱកាសដ៏ល្អសម្រាប់ទីផ្សារដូងក្រអូបរបស់កម្ពុជានៅលើទីផ្សារចិន។
លោក ប៊ុត គឹមឆាយ ថ្លែងថា ៖ «ខ្ញុំគិតថា វាល្អណាស់ ខ្ញុំក៏គ្រោងនឹងរៀបចំនាំចេញទៅដែរ គ្រាន់តែថាឥឡូវយើងកំពុងផ្តោតលើការងារនៅក្នុងស្រុកដែលយើងផ្គត់ផ្គង់វាមិនទាន់គ្រប់គ្រាន។ ឥឡូវយើងកំពុងផលិតបន្ថែមឱ្យវាច្រើន យើងកំពុងដាក់ជី ដើម្បីឱ្យវាបានទិន្នផលច្រើន យើងចង់នាំចេញទៅក្រៅខ្លះ និងលក់នៅក្នុងស្រុកខ្លះ»។
សព្វថ្ងៃ កម្ពុជាអាចនាំចេញផលិតផលកសិកម្មចំនួន ៤ មុខរួមមាន ចេក,ស្វាយ,មៀន និង ផ្លែដូង។ ពេញមួយ ឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញកសិផលសរុបជិត ៨,៥ លានតោន តម្លៃជាប្រាក់ជិត ៤,៥ ពាន់លានដុល្លារ ថយចុះ ២ភាគរយ បើធៀបនឹងឆ្នាំ ២០២២។ ក្នុងនោះ កម្ពុជានាំចេញផ្លែចេកស្រស់ចំនួន ២៨៨ ១៣៦ តោន ថយចុះ២១,៥៨%។ ផ្លែស្វាយស្រស់ នាំចេញបានចំនួន ១៦១ ៩២៤ ធ្លាក់ចុះ ០.៣១% និងផ្លែមៀនស្រស់ចំនួន ១៧ ៤៩៧ តោន កើនឡើង ៤៥៤ ភាគរយ។ នេះបើតាមរបាយការណ៍របស់កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គិតត្រឹមឆ្នាំ២០២២ នៅប្រទេសកម្ពុជា សព្វថ្ងៃ មានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ម៉ឺន ៧ពាន់ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន ១ ម៉ឺន ៤ពាន់ហិកតា។ ចំណែកទិន្នផលសរុបនៅក្នុងឆ្នាំ២០២២ នៅទូទាំងប្រទេស មានចំនួនសរុប ២៤ម៉ឺន ៨ពាន់តោន។នេះបើតាមក្រសួងកសិកម្ម៕