ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ពិរុទ្ធជនម្នាក់ ត្រូវជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងនគរបាលស្រុកថ្មគោល ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់របស់តុលាការ។
ប្រភពដដែលបន្តថា កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ នៅចំណុចក្រុមទី០១ ភូមិ ហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៤៤៨ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ របស់លោក លោក ហៃ ណៃហេង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ សឿត សារិន ហៅវែង ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិអន្លង់រុនឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំនុចភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបងកាលពីថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២៣ បទល្មើសដែលមានចែង និងផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។
បច្ចុប្បន្ន នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕អរុណរះ