គណៈកម្មការទី៧ នៃរដ្ឋសភាកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការកិច្ចការជនជាតិភាគតិច នៃរដ្ឋសភាឡាវ

ចែករំលែក៖

ភ្នំពេញ ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) ដឹកនាំដោយ លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយ លោក ខាំ ចាញ់សុដាប៉ាសឺត (Khamchanh SODAPASEUTH) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មាធិការកិច្ចការជនជាតិភាគតិច នាឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

កិច្ចពិភាក្សានេះ បានផ្តោតសំខាន់លើការបន្តរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា-ឡាវ។​ ភាគីទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ការងាររួមគ្នាក្នុងក្របខណ្ឌគណៈកម្មការទី៧ នៃរដ្ឋសភាកម្ពុជា និងគណៈកម្មាធិការកិច្ចការជនជាតិភាគតិច នៃរដ្ឋសភាឡាវ និងក្របខណ្ឌនៃសភាទាំងពីរ។

លោក ខាំ ចាញ់សុដាប៉ាសឺត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ប៉ា សុជាតិវង្ស និងសមាជិក ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ។
លោកសង្ឃឹមថា គណៈកម្មការនៃសភាប្រទេសទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាក្នុងការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកបន្តទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

លោកប្រធានគណៈប្រតិភូ ក៏បានមានប្រសាសន៍ថា ទោះបីដំណើរទស្សនកិច្ចនេះមានរយៈពេលខ្លី តែគណៈប្រតិភូបានសង្កេតឃើញពីចរន្តសេដ្ឋកិច្ចរស់រវើករបស់កម្ពុជា ពិសេសការរីកចម្រើននូវអគារខ្ពស់នៅក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានោះ លោក ខាំ ចាញ់សុដាប៉ាសឺត បានសុំគោរពអញ្ជេីញគណៈកម្មការទី៧ នៃរដ្ឋសភាកម្ពុជា អញ្ជើញទៅទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាពេលខាងមុខ​ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print