រាជធានីអាប៊ុយដាប៊ី ៖ កាលពីល្ងាចថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមុិញនេះ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានក្រុមចរចាវិនិយោគ WTO របស់កម្ពុជា និង លោក ណុប សោភ័ណតារា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន ព្រមទាំងលោក សំ ច័ន្ទម៉ាន្នី សមាជិកក្រុមចរចា បានចូលរួមអម លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើបទថ្លែងការណ៍បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងកម្មវិធីថ្នាក់រដ្ឋមន្ត្រីស្តីពីកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍ នៅមជ្ឈមណ្ឌលពិព័រណ៍ជាតិអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
កម្មវិធីនេះបានរៀបចំឡើងក្នុងគោលបំណងប្រកាសអំពីការបញ្ចប់នៃការតាក់តែងកិច្ចព្រមព្រៀងខាងលើ និងពិនិត្យលទ្ធភាពដើម្បីដាក់បញ្ចូលទៅក្នុងឧបសម្ព័ន្ធនៃកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោក។
គួរបញ្ជាក់ជូនផងដែរថា ៖ កិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះគឺជាផ្លែផ្កានៃការប្តេជ្ញាចិត្តប្រកបដោយមហិច្ឆតារបស់កម្ពុជាក្នុងនាមជាប្រទេសសហស្ថាបនិក សំដៅចូលរួមចំណែកជាមួយបណ្តាប្រទេសសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគអន្តរជាតិដែលមានសង្គតិភាពជាមួយស្មារតីនៃច្បាប់វិនិយោគក្នុុងស្រុករបស់កម្ពុជា, ធានាបាននូវកិច្ចសម្រួលវិនិយោគដែលមានសង្គតិភាពជាមួយនឹងឧត្តមានុវត្តន៍, បន្តធ្វើសាមញ្ញកម្មនីតិវិធីនៃការបម្រើសេវាសាធារណៈជូនវិនិយោគិន, និងគាំទ្រឥតងាករេលើប្រព័ន្ធវិនិយោគ និងពាណិជ្ជកម្មពហុភាគីដែលឈរលើមូលដ្ឋានច្បាប់ និងបទប្បញ្ញត្តិជាធរមាន ៕