ភ្នំពេញ៖ បើទោះជាការអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព នៅតែជាការយកចិត្តទុកដាក់ជំរុញពីអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏ដោយ ប៉ុន្តែការបង្ក្រាបបទល្មើស បនល្បែងស៊ីសង ដើម្បីសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ៧មករា នៅមានកម្រិត ខណៈអាជ្ញាធរ សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ មានភាពធូរលុង អនុញ្ញាតឲ្យទីតាំងបនល្បែងជាច្រើនកំពុងដំណើរការយ៉ាងអនាធិបតេយ្យ និង បង្កើតពីក្តីព្រួយបារម្ភលើសន្តិសុខ សុវត្ថិភាពពីប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ ។
ជាក់ស្តែងនៅក្នុងខណ្ឌ៧មករា ពោរពេញទៅដោយកន្លែងភ្នាល់បាល់តាមអ៊ីនធើណេត កត់កន្ទុយលេខឆ្នោត ដូចជា កន្លែងទីតាំងភ្នាល់បាល់តាមអ៊ីនធើណេតយីហោ ៦៦ណេត២៤ម៉ោង ស្ថិតនៅផ្លូវលេខ១០៩ ទល់មុខភោជនីយដ្ឋានអានឈើសុខសាន អ៊ីនធើណេត នៅផ្លូវ១២៥ ក្នុងសង្កាត់វាលវង់ និងតាមបណ្តោយផ្លូវ២១៥យ៉ាងតិច៣ទៅ៤ទីតាំងទៀត ។ អាជ្ញាធរ និងសមត្ថកិច្ចខ្លះបានបង្ហើបថា ចំពោះយីហោអ៊ីនធើណេត៦៨ណែត២៤ម៉ោង ឬ៦៦ណេត ២៤ម៉ោង ស្ថិតនៅតាមបណ្តោយផ្លូវសុកហុក ដែលមានចម្ងាយមិនបាន៥០ម៉ែត្រពីប៉ុស្តិ៍នគរបាលអូរឫស្សីទី២ ម្ចាស់ទីតាំងអាចនឹងមានភាពស្និទ្ធស្នាល ឬផ្តល់ប្រយោជន៍ណាមួយសម្រាប់អាជ្ញាធរ និងសមត្ថកិច្ច ទើបគេហ៊ានបើកល្បែងស៊ីសង ដោយមិនញញើតសមត្ថកិច្ច ។
អ៊ីនធើណេតយីហោ គ្រីស្ទាល់ណេត ស្ថិតនៅតាមបណ្តោយផ្លូវលេខ១១១ សង្កាត់បឹងព្រលឹត និងស្ថិតតាមបណ្តោយផ្លូវ១៦១ សង្កាត់អូរឫស្សី២ យីងហោ ៣៨៨ណេត និងកន្លែងកត់ឆ្នោតវៀតណាម ទីតាំងផ្ទះលេខ៣៨ ផ្លូវលេខ១៣៤ កែងនឹងផ្លូវ១០៩ សង្កាត់មនោរម្យ ក្នុងចម្ងាយជាង១០០ម៉ែត្រពីប៉ុស្តិ៍នគរបាលរដ្ឋបាលមនោរម្យ ពិតជាបានដំណើរ ការយ៉ាងរលូន ក្រោមក្រសែភ្នែកសមត្ថកិច្ចអាជ្ញាធរគ្រប់ជាន់ថ្នាក់ ។
លោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា តែងលើកពីវិធានការបង្ក្រាប និងមិនអនុញ្ញាតឲ្យមានបនល្បែងស៊ីសង ពិសេស អនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ប៉ុន្តែហេតុអ្វីក៏ទីតាំងបនល្បែងជាមួយនឹងទីតាំងលក់ម៉ូតូគេចពន្ធ មានដ៏សម្បូរបែបនៅក្នុងខណ្ឌមួយនេះ ដ៏លើលលប់ម្ល៉េះ? កន្លងទៅលោក លីម សុភា បានប្រាប់តាមទូរស័ព្ទថា លោកនឹងចុះបង្ក្រាប ឬឲ្យមន្ត្រីចុះទៅពិនិត្យ ប៉ុន្តែជាលទ្ធផល ក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ និងវិធានការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ហាក់ដូចខ្វះការទទួលខុសត្រូវ អាចដាក់ភាពសង្ស័យថា មានកត្តាយោគយល់ពីលោកអភិបាលខណ្ឌ ។ ដោយឡែក សូម្បីតែសំណង់ដ៏រឹងមាំមួយ ត្រូវបានគេសាងសង់នៅលើដីសាធារណៈផងដែរ ក៏រងការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋ មន្ត្រីក្រោមឱវាទ ជាពិសេសមតិសាធារណៈរិះគន់ ។
ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញារគួរមានវិធានការលុបបំបាត់ចំពោះបនល្បែងស៊ីសងទាំងនេះ ខណៈជាប្រភពនៃបទល្មើស លួចឆក់ប្លន់ កាប់សម្លាប់ ក្នុងនោះទីតាំងនៃអ៊ីនធើណេតផងដែរ គឺជាកន្លែងប្រើប្រាស់ជួញដូរគ្រឿងញៀន យ៉ាងសកម្មភាពនៅក្នុងទីតាំងទាំងនោះ បង្កឲ្យប៉ះពាល់ដល់សង្គមយ៉ាងធ្ងន់បំផុត ៕
ដោយ៖ ស សម