ភ្នំពេញ ៖ កាលពីថ្ងៃ២០ កុម្ភ: ឆ្នាំ២០២៤ កន្លងទៅ សាលាឧទ្ធរណ៍ បានប្រកាសសាលដីកា សំណុំរឿងចាប់បង្ខាំងជនជាតិចិន ជំរិតទារប្រាក់រហូតដល់១០លានដុល្លារ ពីបទ «បង្ខាំងមនុស្សដោយខុសច្បាប់ធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត» .. , ជនរងគ្រោះទទួលបានយុត្តិធម៌ និងគាំទ្រចំពោះវិស័យយុត្តិធម៌ ! គឺសាលាឧទ្ទរណ៍ បានតម្កល់សាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញ ដដែល ធ្វើឱ្យមជ្ឈដ្ឋានទូទៅ របស់ ប្រជាពលរដ្ឋ មន្ត្រីរាជការ ជនរងគ្រោះ ក្រុមគ្រួសារជនរងគ្រោះ គាំទ្រចំពោះ ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ ចៅជំនុំជម្រះ តំណាងមហាអយ្យការ ក្រឡាបញ្ជី ផ្តល់ភាពយុត្តិធម៌ ប្រកបដោយ វិជ្ជាជីវះ ក្នុងនោះមាន ក្រុមប្រឹក្សាជំនុំជម្រះ លោក គី ឫទ្ធី ប្រធានក្រុមប្រឹក្សា ,
លោក ស៊ិន វិសាល ចៅក្រមប្រឹក្សា ,លោក សួស សំអាតចៅក្រមប្រឹក្សាតំណាងមហាអយ្យការ , លោក អុឹម សុផាន ជាអគ្គព្រះរាជអាជ្ញារង ,លោក លីវ ដារ៉ា ក្រឡាបញ្ជីសវនាការ ។
សូមជម្រាបជូនថា ៖ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ សាលាឧទ្ធរណ៍ភ្នំពេញ បានបើកសវនាការជំនុំជម្រះសំណុំរឿងឧក្រិដ្ឋជន ដែលចាប់បង្ខាំងជនជាតិចិន ជំរិតទារប្រាក់រហូតដល់១០លានដុល្លារ ពីបទ «បង្ខាំងមនុស្សដោយខុសច្បាប់ធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»។
ពាក់ព័ន្ធករណីនេះ ជនរងគ្រោះ ទទួលបានយុត្តិធម៍ ពីស្ថាប័នតុលាការតាំងពីសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ទរណ៍ តាមរយះយន្តការ លោកឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ មានការយកចិត្តទុកដាក់បំផុតលើវិស័យប្រព័ន្ធយុត្តិធម៌ ក្នុងនោះ លោកឧបនាយករដ្ឋមន្ដ្រី ពង្រឹងលើគោលការណ៍ ៖
ទី១៖យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ។
និងទី២៖ យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
យុទ្ធនាការទាំង២នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដែលជាបំណងប្រាថ្នារបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុង ការលើកកម្ពស់ «គោលការណ៍នីតិរដ្ឋ» និង «យុត្តិធម៌នៅក្នុងសង្គមជាតិ» ដែលកិច្ចការនេះត្រូវបានចាត់ទុកជា អាទិភាពនយោបាយដ៏សំខាន់មួយដែលត្រូវអនុវត្តឲ្យចេញជាលទ្ធផលជាក់ស្ដែង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ។
លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្លាប់បានអះអាងថា ៖ យុទ្ធនាការទី១ នឹងជួយលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ ជូនប្រជាជន ប្រកបដោយភាពឆាប់រហ័ស និងងាយស្រួល ហើយយុទ្ធនាការទី២ នឹងជួយដោះស្រាយរក យុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវនៅក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ។
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ធ្លាប់តម្រង់ទិសដៅ និងបានព្រមានទុកមុនមិនអត់ឱនឲ្យជាដាច់ខាត ចំពោះចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជីរូបណា ដែលឆ្លៀតឱកាសប្រព្រឹត្តអំពើពុករលួយ បំពេញការងារខុសវិជ្ជាជីវះ តាមតួនាទីភារកិច្ច ក៏ដូចក្នុងពេលយុទ្ធនការដោះស្រាយបញ្ហាកកស្ទះ សំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ។
លោកឧបនាយករដ្ឋមន្ត្រី ក៏ប្រកាសដាក់ចេញនូវយុទ្ធនាការ តាមរយះអះអាងថា សម្រាប់ចៅក្រម ព្រះរាជអាជ្ញា ដែលប្រព្រឹត្តកំហុសវិជ្ជាជីវៈ អាចប្រឈមនឹងការបញ្ចប់ការងារភ្លាមៗតែម្ដង។
លោកឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បានថ្លែងយ៉ាងដូច្នេះថា «យើងមិនអនុញ្ញាតឲ្យមានករណីត្រីងៀតឆ្លៀតពងនោះទេ មានន័យថា មិនអនុញ្ញាតឲ្យយកឱកាស នៃយុទ្ធនាការនេះ ដើម្បីប្រព្រឹត្តអំពើខុសច្បាប់ ឬក៏ជាអំពើមួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ ចឹងអភិក្រមការងារនេះ យើងនឹងប្រកាន់ជំហរម៉ឺងម៉ាត់ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជីដែលបានប្រព្រឹត្តខុសនឹងទទួលមកវិញជាមួយនឹងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ទាំងផ្នែកផ្លូវច្បាប់ ទាំងផ្នែកវិជ្ជាជីវៈ»។
រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌រូបនេះ បានសង្កត់ធ្ងន់ទៀតថា ក្រសួងយុត្តិធម៌ ធ្លាប់បានជួយជាមួយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលនេះមានន័យថា ប្រសិនបើមានករណីប្រព្រឹត្តអំពើពុករលួយក្នុងយុទ្ធនាការនេះ គឺក្រសួងយុត្តិធម៌ នឹងចាត់នីតិវិធីឆ្លើយតបដោយម៉ឺងម៉ាត់បំផុតដោយគ្មានករណីលើកលែង ។
គួរជម្រាបថា ៖ ចំពោះសំណុំចាប់បង្ខាំងជនជាតិចិន ជំរិតទារប្រាក់រហូតដល់១០លានដុល្លារ ពីបទ «បង្ខាំងមនុស្សដោយខុសច្បាប់ធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត» សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ បានសម្រេចផ្ដន្ទាទោសក្រុមឧក្រិដ្ឋជនជនជាតិចិន ចំនួន៨នាក់ ដែលចាប់ជំរិតទារប្រាក់នេះ ដោយផ្ដន្ទាទោសចាប់ពី១៨ឆ្នាំ ដល់២២ឆ្នាំ និងបង្គាប់ឲ្យសងជំងឺចិត្តទៅដើមបណ្ដឹងរដ្ឋប្បវេណី ១០០លានរៀល និងសងប្រាក់ ចំនួន២៥ម៉ឺនដុល្លារ។ សូមរំលឹកថា ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជាផ្លូវការ ទៅលើក្រុមឧក្រិដ្ឋជនជនជាតិចិន ចំនួន៥នាក់ ដែលចាប់បង្ខាំងជនជាតិចិន ជំរិតទារប្រាក់រហូតដល់១០លានដុល្លារពីបទ «បង្ខាំងមនុស្សដោយខុសច្បាប់ ធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»។ ឧក្រិដ្ឋជនជនជាតិចិនទាំងអស់នេះ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីបង្ខាំងជនជាតិចិនដូចគ្នា ដើម្បីជំរិតទារលុយប្រមាណ១០លានដុល្លារ នៅអគារស្កាយវីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ទាក់ទិនករណីនេះ មន្រ្តីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិ បានប្រាប់សារព័ត៌មានបន្ថែមដែរថា ករណីនេះក្រុមជនល្មើស បានចាប់ជំរិតទារប្រាក់ពីជនរងគ្រោះរហូតដល់១០លានដុល្លារ មិនមែន១លានដុល្លារនោះទេ។
ករណីចាប់បង្ខាំងដើម្បីជំរិតទារប្រាក់១០លានដុល្លារនេះ បានកើតឡើងនៅម៉ោង២យប់រំលងអាធាត្រ ចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ ពេលនោះក្រុមជនសង្ស័យមានគ្នាចំនួន៣នាក់ បានប្រើប្រាស់រថយន្តម៉ាក Vellfire ពាក់ផ្លាកលេខភ្នំពេញ 2BQ-0560 (ផ្លាកលេខក្លែងក្លាយ) និងផ្លាកលេខភ្នំពេញ 2BT-1768 ប្រដាប់ដោយអាវុធគ្រប់ដៃ។ បន្ទាប់ពីបានទទួលបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានចារកម្ម និងនាយកដ្ឋានកណ្ដាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានប្រតិបត្តិការបង្ក្រាបករណីនេះនៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។ អំពើប្រព្រឹត្តរបស់ក្រុមឧក្រិដ្ឋជន បង្ហាញពីភាព សាហាវ ឃោឃៅបំផុត ហើយកន្លងមកក៏លេចឮថា មានអ្នករត់ការដើម្បីទទួលបានការបន្ធូបន្ថយទោស ប៉ុន្តែស្ថាប័នតុលាការ បានផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ ប្រកបដោយសេវាយុត្តិធម៌បំផុត ។ នៅថ្ងៃ២០ កុម្ភ: ឆ្នាំ២០២៤ កន្លងទៅនេះ សាលាឧទ្ធរណ៍ បានប្រកាសសាលដីកា សំណុំចាប់បង្ខាំងជនជាតិចិន ជំរិតទារប្រាក់រហូតដល់១០លានដុល្លារ ពីបទ «បង្ខាំងមនុស្សដោយខុសច្បាប់ធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត» តម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដដែល។
ដូច្នេះទាំងមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ សមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ ជនរងគ្រោះ សាច់ញាតិក្រុមគ្រួសារជនរងគ្រោះ គាំទ្រចំពោះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ តំណាងមហាអយ្យការ នៃសាលាឧទ្ទរណ៍ បានផ្តល់ភាពយុត្តិធម៌ឱ្យជនរងគ្រោះ ក្នុងការផ្តន្ទាទោសក្រុមឧក្រិដ្ឋជនទាំងនេះ ទៅតាមបទល្មើសដែលពួកគេប្រព្រឹត្ត ដ៏ឃោឃៅនេះ ។
ទីបំផុត ! តាំងដំណាក់កាល សាលាដំបូងរាជធានីភ្នំពេញ ដល់ សាលាឧទ្ទរណ៍ បានផ្តល់ភាពយុត្តិធម៌ ដល់ជនរងគ្រោះ គួរឱ្យស្ញើញនូវ យន្តការសម័យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានសុក្រិត្យភាពបំផុត លើវិស័យប្រព័ន្ធយុត្តិធម៌ ។
ច្បាប់ គឺយុត្តិធម៌ និងស្មើភាព
-នៅចំពោះមុខចៅក្រម គឺនិយាយពីច្បាប់
-នៅចំពោះមុខច្បាប់ គឺនិយាយពីយុត្តិធម៌
-នៅចំពោះមុខយុត្តិធម៌ គឺនិយាយពីភាពត្រឹមត្រូវ
-នៅចំពោះមុខភាពត្រឹមត្រូវ គឺនិយាយពីសច្ចធម៌
-នៅចំពោះមុខច្បាប់ គឺ យុត្តិធម៌ និងស្មើភាពគ្នា ។ នេះជាប្រសាសន៍ លោក កើត រិទ្ធ
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ៕