ភ្នំពេញ៖ តាមរយៈទំនាក់ទំនងល្អរវាងសមត្ថកិច្ចមូលដ្ឋានជាមួយនឹងក្រុមហ៊ុនវិនិយោគលើសេវាការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាមានការលើកទឹកចិត្តពីក្រុមហ៊ុនឯកជនដល់សមត្ថកិច្ច នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ លោក អូ ប៊ុនលី នាយកក្រុមហ៊ុន អិមអី អេនជីនារីង(M.E ENGINEERING CO.,LTD) បានផ្តល់នូវកុំព្យូទ័រមួយឈុតដល់អធិការនគរបាលខណ្ឌសែនសុខ។
ពិធីប្រគល់កុំព្យូទ័របានធ្វើឡើងនៅអធិការដ្ឋាននគរបាលខណ្ឌដែលមានការចូលរួមពីតំណាងក្រុមហ៊ុន និងអធិការនគរបាលខណ្ឌ ក្នុងប្រយោជន៍សម្រាប់យកមកបម្រើការងារក្នុងអង្គភាពសម្រួលដល់ការធ្វើឯកសារទាំងឡាយពាក់ព័ន្ធទៅនឹងនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ការងាររដ្ឋបាល សិ្ថតិនេះជាដើម។
លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានសម្តែងនូវការថ្លែងអំណរគុណចំពោះអំណោយដល់សប្បុរសធម៌ពីក្រុម អិមអី អេនជីនារីង (M.E ENGINEERING CO.,LTD) ដល់អង្គភាពរបស់លោក ពិសេសសហការល្អ និងមានទំនុកចិត្តមកលើសមត្ថកិច្ច។ លោកអធិការបន្តថា ការផ្តល់ជូនជាកុំព្យូទ័រនៅថ្ងៃនេះគឺជា ការចូលរួមចំណែកយ៉ាងធំធេងជាមួយសមត្ថកិច្ច ដើម្បីសម្រាលដល់ការងារជូននគរបាល និងបម្រើជូនប្រជាពលរដ្ឋ៕
ដោយ៖ តុង សីហា