ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក Jim Jones នាយកប្រតិបត្តិ នៃក្រុមហ៊ុន Jones Group International ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ននេះ។ ទន្ទឹមនឹងនេះ លោកនាយកប្រតិបត្តិ បានគោរពជម្រាបជូន សម្តេចធិបតី ថា គោលបំណងនៃទស្សនកិច្ចនាឱកាសនេះ គឺដើម្បីជួបពិភាក្សាជាមួយដៃគូ និងភាគីពាក់ព័ន្ធ អំពីការងារនៃការជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដែលតាមរយៈជំនួបនេះ លោកនាយកប្រតិបត្តិបាន បង្ហាញក្តីសង្ឃឹមខ្ពស់ និងសុទិដ្ឋិនិយម ក្នុងការជំរុញនិងប្រែក្លាយទំនាក់ទំនងវិស័យឯកជននៃប្រទេសទាំងពីរ ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង និងប្រកបដោយលទ្ធផលផ្លែផ្កា។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិបានបញ្ជាក់ពីការប្ដេជ្ញាចិត្ត ក្នុងការជំរុញ និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងវិស័យឯកជនកម្ពុជា-សហរដ្ឋអាមេរិក ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោកនាយកប្រតិបត្តិ និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អកម្ពុជា-អាមេរិក ទាំងក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងរវាងរាជរដ្ឋាភិបាលនិងរាជរដ្ឋាភិបាល និងទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជននៅកម្ពុជា ដោយផ្តល់នូវទំនុកចិត្តចំពោះវិនិយោគិន តាមរយ:ការផ្តល់នូវបរិស្ថានវិនិយោគអំណោយផល ជាមួយនឹងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម និងជាពិសេស ជាមួយនឹងគោលនយោបាយនៃការផ្ដល់នូវការលើកទឹកចិត្ត សម្រាប់វិនិយោគិន និងការដាក់ចេញនូវគំនិតផ្ដួចផ្ដើមនៃគំរូអាជីវកម្មថ្មីៗ ដូចជា គំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់ប្រទេសនីមួយៗ។ សម្ដេចធិបតី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែបើកទ្វារស្វាគមន៍ជានិច្ចចំពោះការចូលរួមរបស់វិស័យឯកជន ដោយកម្ពុជាបានបានចាត់ទុកថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ហើយវិស័យឯកជន ក៏ដើរតួជាការទូតនៃភាពជាដៃគូរវាងរដ្ឋ និងឯកជន និងជាអ្នកជួយផ្សព្វផ្សាយអំពីការពិតនៅកម្ពុជា។ ទន្ទឹមនេះ សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់ លោកនាយកប្រតិបត្តិ បន្តកិច្ចសហការជាមួយនឹងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធនៅកម្ពុជា ក្នុងការដាក់ចេញ និងរៀបចំផែនការ ដើម្បីអនុវត្តឱ្យចេញជាសកម្មភាពជាក់ស្ដែងក្នុងការលើកកម្ពស់ទំនាក់ទំនង ក៏ដូចជាការវិនិយោគលើវិស័យឯកជននៅព្រះរាជាណចក្រកម្ពុជាផងដែរ ៕