ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេ លើកទី៨ នៅខេត្តសៀមរាប។
គួរជម្រាបជូនថា ក្រសួងទេសចរណ៍ រួមសហការជាមួយនឹងរដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន នឹងរៀបចំពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ“ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ៧កើត-៨កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងរួមចំណែកជម្រុញកំណើន ភ្ញៀវទេសចរ និងបង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្ត តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួយជំរុញផ្សព្វផ្សាយផងដែរនូវភាពសម្បូរបែបនៃអនុតំបន់មេគង្គ។
ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបើក ជាផ្លូវការ ពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប នាថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤។
នៅក្នុងព្រឹត្តិការណ៍ជាតិដ៏មានមោទនភាព និងសោមនស្សរីករាយនេះ នឹងមានសកម្មភាពសំខាន់ៗសម្រាប់ ការទស្សនា និងកម្សាន្ត ដូចខាងក្រោម៖
១. ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ព្រមទាំងយុទ្ធនាការឆ្នាំទស្សនា សៀមរាប ២០២៤។
២.ការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គ ព្រមទាំង សកម្មភាពកម្សាន្តនានានៅតាមបណ្តោយដងស្ទឹងសៀមរាប និងតំបន់ Pub Street ផងដែរ។
អាស្រ័យហេតុនេះ សូមអញ្ជើញ ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជនចូលរួមទស្សនា និងកម្សាន្តសប្បាយ រីករាយចាប់ពីថ្ងៃទី១៥ ១៦ និង១៧ ខែមីនា ឆ្នាំ២០២៤ ដោយមេត្រីភាព៕
ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល៖