កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបករណីឆបោកមានស្ថានទម្ងន់ទោស (ក្រុមមានការចាត់តាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា)

ចែករំលែក៖

ភ្នំពេញ ៖ អង្គភាពនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ កាលពីថ្ងៃទី២៦​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ វេលាម៉ោង១២៖៣៦នាទី​ នៅភូមិទឹកក្រហម​ ឃុំកណ្ដោល​ ស្រុកទឹកឈូ​ ខេត្តកំពត​ មានករណី​ ឆបោកមានស្ថានទម្ងន់ទោស(ក្រុមមានការចាត់តាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា)​​ បណ្ដាលឲ្យជនរងគ្រោះឈ្មោះ​ ថុន​ សុនៀវ​ ភេទស្រី​ អាយុ២៨ឆ្នាំ​ នៅភូមិទឹកក្រហម​ ឃុំកណ្ដោល​ ស្រុកទឹកឈូ​ ខេត្តកំពត​ ខាតបង់ប្រាក់ចំនួន៤,០០០ដុល្លារ។

សមត្ថកិច្ចបញ្ជាក់ថា ៖ ដោយជនល្មេីសជាក្រុមមានការចាត់តាំង មានគូកនច្រេីននាក់​ បែងចែកភារកិច្ចរៀងៗខ្លួន​ ធ្វេីសកម្មភាពហែកគណនីធនាគារ​ យកទៅប្រេីប្រាស់​ និងទិញគណនីធនាគារ​ ដេីម្បីផ្ទេរប្រាក់បន្ដ នៅពេលធ្វេីសកម្មភាព។ ជនល្មេីសបានធ្វេីសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះ​ឲ្យផ្ទេរចូលទៅក្នុងគណនីធនាគារដែលហែកបាន រួចផ្ទេរប្រាក់បន្ដទៅគណនីដែលបានទិញជាបន្ដបន្ទាប់ទៀត ដែលមានឈ្មោះ ចាប​ សាវី​ ហៅបុក ភេទស្រី​ អាយុ៣៩ឆ្នាំ​​ រស់នៅភូមិពោធិ ឃុំសំពងជ័យ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម​ ជាអ្នកប្រមូលទិញគណនីធនាគារ។

ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត បានស្នើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដើម្បីសុំធ្វើការសហការការស្រាវជ្រាវ ដោយតាមនីតិវិធី និងជំនាញរហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ​។

 ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០២ ខែមីនា​ ឆ្នាំ២០២៤​ វេលាម៉ោង១១៖៣០នាទី  កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត ដោយបានឃាត់ខ្លួនឈ្មោះ​ ចាប​ សាវី​ ហៅបុក ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ នៅចំណុចភូមិព្រៃព្រីង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត ដែលជាម្ចាស់ករណី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print