ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ៖ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ប្រ៊ុយណូ ហ្វូស (Bruno Fuchs) អគ្គប្រតិភូនៃសភានិយាយភាសាបារាំង (APF) និងសហការី ដែលអញ្ជើញមកពីសភានៃបណ្ដាប្រទេសមួយចំនួននិយាយភាសាបារាំង។
សម្តេចរដ្ឋភាធិបតី បានសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីក្នុងក្របខណ្ឌនៃសភានិយាយភាសាបារាំង ក្នុងការជំរុញការទូតសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងការជំរុញសមភាពយេនឌ័រ ការផ្តល់ភាពអង់អាចដល់ស្រ្តី ការលើកកម្ពស់វិស័យវប្បធម៌ និងការយកចិត្តទុកដាក់ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម។
ភាគីកម្ពុជាគាំទ្រយ៉ាងពេញទំហឹងលើក្របខណ្ឌការងារយុទ្ធសាស្រ្តរបស់ APF ឆ្នាំ២០២៣-២០៣០ ក្នុងនោះរួមមានការពង្រឹងការងារការទូតសភា ការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក ការពង្រឹងឯករាជ្យភាព កិច្ចសហប្រតិបត្តិការ និងការធ្វើសុខដុមនីយកម្មច្បាប់។
ក្រោយពីបានអរគុណ APF ដែលបានដកសភាកម្ពុជាចេញពីបញ្ជីស្ថិតនៅក្នុងការឃ្លាំមើលលើបញ្ហានយោបាយកាលពីឆ្នាំ២០២៣មក សម្តេចប្រធានរដ្ឋសភាបានស្នើឱ្យ APF ជួយការងារមួយចំនួនទៀតនៅកម្ពុជា ដូចជាវិស័យសុខាភិបាល ការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកភាសាបារាំងនៅសភាកម្ពុជា និងការងារកំណែទម្រង់ឱ្យទៅជាសភាឌីជីថល។
សម្តេចរដ្ឋសភាធិបតី ក៏បានបន្ថែមទៀតថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាស្ពានតភ្ជាប់ភាសានិងវប្បធម៌បារាំងនៅអាស៊ីអាគ្នេយ៍ តាមរយៈការគាំទ្រលើសំណើរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបារាំងបង្កើតមជ្ឈមណ្ឌលភាសានិងវប្បធម៌បារាំងនៅកម្ពុជាប្រចាំតំបន់អាស៊ីអាគ្នេយ៍។ សម្តេចបវរធិបតី បានជ្រើសរើសប្រទេសបារាំងជាប្រទេសទី១ ក្នុងការមកបំពេញទស្សនកិច្ចជាផ្លូវការ បន្ទាប់ពីបានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី។
លោក ប្រ៊ុយណូ ហ្វូស បានលើកឡើងថា កម្ពុជាជាប្រទេសនិយាយភាសាបារាំងមួយដ៏សំខាន់សម្រាប់ APF នៅអាស៊ីអាគ្នេយ៍ និងជាសមាជិក APF ដ៏សកម្មដែលលោកចង់ឃើញមានកិច្ចសហប្រតិបត្តិការកាន់តែច្រើនថែមទៀត។ លោកបានគូសបញ្ជាក់ផងដែរថា ក្នុងនាមជាតំណាងរាស្ត្រ សមាជិក APF ត្រូវតែយកការសន្ទនាជាមួយប្រជាពលរដ្ឋជាចំបង ទោះបីជាក្នុងករណីខ្លះ ទំនាក់ទំនងរវាងរដ្ឋាភិបាលត្រូវបានកាត់ផ្ដាច់ក៏ដោយ ហើយថា APF នឹងគាំទ្រយ៉ាងពេញទំហឹងលើបេក្ខភាពរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦។
លោកបានបន្ថែមថា APF និងកម្ពុជាអាចធ្វើការជាមួយគ្នាបន្ថែមទៀតទាក់ទងទៅនឹងបញ្ហាប្រឈមស្រដៀងគ្នា ក្នុងបណ្ដាប្រទេសជាសមាជិក តួយ៉ាងដូចជា បញ្ហាស្រ្តី ការប្រែប្រួលអាកាសធាតុ ការខ្ជះខ្ជាយចំណីអាហារ និងថ្នាំពេទ្យជាដើម។
សូមបញ្ជាក់ថា សភាកម្ពុជាជាសមាជិកមួយក្នុងចំណោមសមាជិកទាំង៨៧របស់ APF ដែលបានចាប់កំណើតឡើងនៅឆ្នាំ១៩៦៧ នៅប្រទេសលុចសំបួរ៕