ខេត្តតាកែវ ៖ «ទិវាស្រែឆ្លាតវៃ» ដើម្បីអបអរសាទរទិន្នផល ៧,៥តោន/ហិកតា របស់បងប្អូនកសិករនៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ ដែលបានស្ម័គ្រចិត្តចូលរួមក្នុងកម្មវិធីសាកល្បងធ្វើស្រែគំរូ(Demo) លើផ្ទៃដីចំនួន ៥ហិកតា ជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ នេះជាការលើកឡើងពីលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។
លោក ឃឹម ហ្វីណង់ បានបន្យថា ៖ ស្រែគំរូនេះ(ស្រូវប្រាំង) ត្រូវបានជ្រើសរើសធ្វើឡើង ដើម្បីបង្ហាញដល់ពុកម៉ែបងប្អូនប្រជាកសិករនៅក្នុងស្រុកគីរីរង់ ឱ្យបានឃើញ និងយល់ដឹងពីការប្រើប្រាស់បច្ចេកទេសដាំដុះត្រឹមត្រូវ ប្រើប្រាស់ពូជសុទ្ធត្រឹមតែ ៦០គីឡូ/ហិកតា ក៏ដូចជាការកាត់បន្ថយការប្រើប្រាស់ជី និងថ្លៃដើមផលិត។ ការប្រើប្រាស់បច្ចេកទេសត្រឹមត្រូវ និងការសន្សំសំចៃថ្លៃដើម គឺជាមូលដ្ឋានគ្រឹះ និងជាអត្ថប្រយោជន៍មួយនៃសហគមន៍កសិកម្មទំនើប ដែលក្រសួងសង្ឃឹមទុកថាបងប្អូនកសិករនៅទីនេះ នឹងយកទៅពិចារណាចងក្រងគ្នាបង្កើតជាសហគមន៍នាពេលខាងមុខ។
លោកថា៖ ជាលទ្ធផល ទិន្នផលបានកើនឡើងរហូតដល់ ៧,៥តោន/ហិកតា ហើយប្រសិនបើបូករួមនឹងការធ្លាក់ចុះនៃចំណាយ ប្រាក់ចំណេញរបស់ស្រែគំរូនេះបានកើនឡើងជាងមុនប្រហែល ១,៥លានរៀល/ហិកតា បើធៀបទៅនឹងការធ្វើស្រែធម្មតាតាមទម្លាប់របស់កសិករ(ពូជ ៣០០គីឡូ/ហិកតា ទិន្នផល ៦តោន/ហិកតា និងប្រើជីច្រើន)។
សូមបញ្ជាក់ថា ៖ ចំពោះលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបាន លោក ខៀវ កាញារីទ្ធ អ្នកតំណាងមណ្ឌលកំពង់ចាម បានឱ្យតម្លៃនឹងសមត្ថភាពរបស់គាត់ ត្រង់ថាថ្នាក់ដឹកនាំវ័យក្មេងតែមិនក្មេងសេចក្តី ។ លោក ខៀវ កាញារីទ្ធ បានសរសេរថា ៖ «សូមសរសើរក្រសួងកសិកម្មដែលបានជ្រើសយកអភិបាលស្រុកបន្ទាយស្រីដ៏សកម្ម មកធ្វើជាអ្នកនាំពាក្យ ។ ការងារស្ថាប័នរដ្ឋមិនមែនផ្អិបដំណឹងខ្លាចថ្នាក់លើដឹង ឬ គេចចេញពីបញ្ហា ( សម័យរដ្ឋាភិបាលឌីជីថល និង ពលរដ្ឋឌីជីថលទៅហើយ ) ប្រកែកយកសម ឬ វាយបកយកឈ្នះលើក្រដាសទាំងគេទាំងអស់គ្នា ( លើកលែងតែថ្នាក់លើខ្លះ ) ដឹងសុះសាយ ឬ ដឹងទាំងភ័ន្តច្រឡំ ព្រោះអត់មានការបំភ្លឺ នោះទេ ។ សំខាន់ការបកស្រាយ ហើយ បើខុសទទួលថាខុស ( តែអ្នកពូកែត្រូវពន្យល់ថាហេតុអី ) ដាក់ទិសកែប្រែ នោះប្រជាជនមានតែអបអរសាទរ ទទួលស្គាល់ថាយើងមានភាពចាស់ទុំមែន ពិតមែនតែនេះជាជំនាន់ថ្មី តែជំនាន់ថ្មីចាស់គំនិត ……» ៕