ភ្នំពេញ៖ រថយន្តដឹកហ្គាសរបស់ក្រុមហ៊ុនLPGមួយគ្រឿង បានបើកបុករះរបាំងថ្មពុះចែកទ្រូងផ្លូវបាក់បែកអស់ជិត៣០កង់ ហើយបន្តទៅបុកទុយោទឹកសាធារណៈបណ្ដាលឲ្យបែកហូរទឹកពេញផ្លូវ រួមទាំងបុកបាក់ដើមឈើនៅចញ្ចើមផ្លូវបាក់អស់មួយដើមថែមទៀត តែសំណាងល្អមិនបណ្ដាលឲ្យហ្គេសរថយន្តផ្ទុះឡើងកំុអីអាសន្នធំ ។
...
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមុខក្រុមហ៊ុន ឆ្នោតនាគនាំសំណាង តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមសម្ដីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺរថយន្តដឹកហ្គាសខ្នាតធំ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3D-2881 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីជើងទៅត្បួងក្នុងល្បឿនលឿន ដោយទំនងជាម្ចាស់ងុកមួយផែង ទើបបណ្ដាលឲ្យជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវបណ្ដាលឲ្យបាក់បែកអស់ជិត៣០កង់ ហើយបន្តទៅបុកទុយោទឹកសាធារណៈសម្រាប់ដាក់ទឹករថយន្តពន្លត់អគ្គិភ័យនៅលើចញ្ចើមផ្លូវបែកហូរទឹកពេញផ្លូវ រួមទាំងបុកបាក់ដើមឈើនៅចញ្ចើមផ្លូវបាក់អស់មួយដើមថែមទៀត តែសំណាងល្អមិនបណ្ដាលឲ្យហ្គាសរថយន្តផ្ទុះឡើង។
ក្រោយកើតហេតុ តៃកុងរថយន្តបង្កបានបើកទ្វាររត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តបង្កនៅនិងកន្លែងកើតហេតុ បន្ទាប់មកទើបមានសមត្ថកិច្ចមូលដ្ឋាននិងជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕
ដោយ៖ ជីម ភារ៉ា ដង្កោ
...